ឯកឧត្តមអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំបន្ទាន់ជាមួយអភិបាល ស្រុក ក្រុង និងមន្រ្តីជំនាញពាក់ព័ន្ធ ក្រុមការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

តាកែវ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក អភិបាល ស្រុក ក្រុង និងអាជ្ញាធរពាក់ព័ន្ទ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ នៅក្នុងក្រុមការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅទូទាំងខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។

មានប្រសាន៍នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ បាននឹងកំពុង រីករាលដាលយ៉ាងខ្លាំងក្លា ដោយមានមនុស្សឆ្លង សរុបជាង១ម៉ឺននាក់ នៅទូទាំងប្រទេស និងមានអ្នកព្យាបាលជាសះស្បើយជាង ៦ពាន់នាក់ និងស្លាប់កើនដល់១០០នាក់។ ដោយឡែកនៅក្នុងខេត្តតាកែវរបស់យើង អត្រាអ្នកឆ្លង ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងយ៉ាងកំហុក ហើយថ្មីៗនេះ មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ចំនួនម្នាក់ ដែលនេះ ជាករណីទីមួយដែលមាននាក់ស្លាប់សម្រាប់ខេត្តតាកែវ របស់យើង។

នៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ទៀតថា កាលពីម្សិល មិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបិទបញ្ចប់ ការបិទខ្ទប់ ភូមិសាស្រ្ត រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដូច្នេះហើយទាមទារឱ្យ អាជ្ញាធរខេត្ត រួមនិងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការចេញចូល នៅតាមច្រកព្រំប្រទល់ខេត្ត តាកែវនិងខេត្តដទៃទៀត ព្រោះបន្ទាប់ពីការបិទបញ្ចប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត កណ្ដាល និងមានបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពី រាជធានីភ្នំពេញ មកកាន់ខេត្ត ជាក់ជាពុំ ខាន ដូច្នេះហើយ អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹង និងតាមដានបងប្អូនប្រជាពលរដ្ឋ នៅពេលដែលពួកគាត់វិលត្រឡប់មកស្រុកកំណើតវិញ បើសិនមានករណីសង្ស័យត្រូវយក ពួកគាត់ទៅធ្វើចត្តាឡីស័ក ដើម្បីយកសំណាករកជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង