សម្តេចតេជោ ហ៊ុន សែន “ដរាបណា មិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជននៅតំបន់ក្រហម គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ”
TNM(ភ្នំពេញ)៖ នៅក្នងសារសំឡេងពិសេសពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងអស់នៅតំបន់ក្រហម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២ម៉ឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង ៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។
សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាព ដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។
សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២ម៉ឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤ម៉ឺន ឬ៥៥ម៉ឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ។
ឆ្លៀតនាឳកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏សូម អង្វរករប្រជាពលរដ្ឋ កុំឲ្យចេញពីតំបន់ផ្សេងចូលមកតំបន់ក្រហម ដើម្បីបានចាក់វ៉ាក់សាំង ធ្វើយ៉ាងនេះដើម្បីធានាថា យើងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានគ្រប់ៗគ្នា៕ ដោយ៖ ទទក,