ប្រទេសហ្វីលីពីនចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី
កាលពីថ្ងៃអង្គារ ប្រទេសហ្វីលីពីនបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។
អភិបាលទីក្រុងម៉ានីល លោក Isko Moreno បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់លោកថា «យើងបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Sputnik V នៅក្នុងទីក្រុងម៉ានីលហើយ។ រហូតមកដល់ពេលនេះ មានមនុស្សប្រមាណជា ២០០នាក់បានចុះឈ្មោះដើម្បីទទួលបានវ៉ាក់សាំងដូសដំបូង»។ លោកបាននិយាយបន្ថែមថា «យើងសូមអរគុណរដ្ឋាភិបាលរបស់ប្រទេសហ្វីលីពីនជាថ្មីម្តងទៀតចំពោះការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងម៉ានីលនៅពេលមានការរីករាលដាលនៃជំងឺរាតត្បាត»។
បុគ្គលិកពេទ្យនឹងក្លាយជាអ្នកដំបូងដែលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់មកគឺមនុស្សវ័យចំណាស់ និងមនុស្សដែលមានជំងឺប្រចាំកាយ។
វ៉ាក់សាំង Sputnik V ក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Paranaque ទីក្រុង Makati ទីក្រុង Muntinlupa និងទីក្រុង Taguig ផងដែរ។ នៅទីក្រុង Taguig មានមនុស្សប្រមាណជា ២០នាក់បានទទួលការចាក់វ៉ាក់សាំងនេះ។ កាលពីថ្ងៃទី ១ ខែឧសភា កញ្ចប់សាកល្បងនៃវ៉ាក់សាំង Sputnik V ត្រូវបានដឹកជញ្ជូនទៅហ្វីលីពីន។
ប្រទេសហ្វ៊ីលីពីនបានរាយការណ៍នូវករណីដំបូងនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។ គិតមកទល់ពេលនេះ ចំនួនករណីជំងឺកូវីដ-១៩ នៅសាធារណរដ្ឋមួយនេះបានកើនលើសពី ១,០៦លាននាក់ ហើយអ្នកជំងឺជាង ៩៨៤ ២០០នាក់បានជាសះស្បើយ និង ១៧ ៦០០នាក់បានស្លាប់។ ប្រទេសនេះបានអនុម័តការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាច្រើនក្រៅពីវ៉ាក់សាំង Sputnik V ដែលរួមមានវ៉ាក់សាំងរបស់ Pfizer វ៉ាក់សាំងរបស់ AstraZeneca វ៉ាក់សាំង Sinovac វ៉ាក់សាំងរបស់ Bharat Biotech និងវ៉ាក់សាំងរបស់ Janssen ។ កាលពីថ្ងៃទី ១ ខែមីនា ប្រទេសនេះបានចាប់ផ្តើមការចាក់វ៉ាក់សាំងដល់បុគ្គលិកពេទ្យជាមួយវ៉ាក់សាំង CoronaVac របស់ប្រទេសចិន។ ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង CoronaVac ចំនួន ៦០០ ០០០ដូសកាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)