ក្រសួងសុខាភិបាលតម្រូវឲ្យខេត្តបន្ទាយមានជ័យត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

TNM(ភ្នំពេញ) ៖ ក្រសួងសុខាភិបាលតម្រូវឲ្យខេត្តបន្ទាយមានជ័យត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូល ក្នុងសហគមន៍។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឲ្យមានការអនុវត្តន៍កាតព្វកិច្ចពាក់ ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការអនុវត្ន៍តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ច ពាក់មាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីង-១៩ ក្នុងសហគមន៍។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការ ដើម្បីធានាអនុវត្តឲ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង