អ្នកសារព័ត៌មាននៅតែមានឆន្ទៈ ក្នុងការចុះយកព័ត៌មានយ៉ាងសកម្ម ដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ
TNM(ភ្នំពេញ) ៖ អ្នកសារព័ត៌មានកម្ពុជា នៅតែមានឆន្ទៈ ក្នុងការចុះយកព័ត៌មានយ៉ាងសកម្ម ទោះបីស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ កំពុងវាយលុក យ៉ាងខ្លាំងនៅកម្ពុជាក៏ដោយ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវគ្រប់ព្រឹត្តិការណ៍ឲ្យបានទាន់ពេលវេលា ។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទោះស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ក៏អ្នកសារព័ត៌មាននៅកម្ពុជា នៅតែមានសេរីភាពពេញលេញ ក្នុងការចុះ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណជន។
នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ ឧសភា ឯកឧត្តម ផុស សុវណ្ណ បានមានប្រសាសន៍ថា ទាក់ទងនឹងសេរីភាព សារព័ត៌មាននៅកម្ពុជា យើងប្រមើលមើលពីជ្រុងផ្សេងៗគ្នា យើងឃើញថាខុសគ្នា ។ ឯកឧត្តម បន្ដថា ក្នុងនាមជាអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងនាមជាសេនាធិការរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំគោលការណ៍ គោលនយោបាយ ឃើញថា នៅកម្ពុជាមានសេរីភាពពេញលេញ សម្រាប់អ្នកសារព័ត៌មានទាំងអស់ សូម្បីក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មានវិបត្តិ ជំងឺកូវីដ-១៩តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១នេះ ក៏អ្នកសារព័ត៌មានមានលទ្ធភាព អាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង ដោយផ្សព្វផ្សាយ ពីតម្រូវការរបស់ប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល និងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រជាពលរដ្ឋវិញ។
សំឡេង៖ «មិនមែនតែខ្ញុំម្នាក់ទេ ថ្ងៃនេះរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រី បានចេញសារលិខិតមួយចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ ចំពោះការចូលរួមរបស់អ្នកសារព័ត៌មានទាំងអស់គ្នានៅលើពិភពលោក ក៏ដូចជាអ្នកសារព័ត៌មានរបស់ប្រទេសកម្ពុជាទាក់ទងនឹងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ដូចជាការផ្សព្វផ្សាយនូវគោលនយោបាយ ផ្សព្វផ្សាយនូវវិធានឬក៏ការងារផ្សេងៗទៀត ដែលអ្នកសារព័ត៌មានចូលរួមបានតាមរយៈ ការបញ្ជ្រាបចំណេះដឹង ដែលមានឥទ្ធិពលតាមរយៈការផ្សព្វផ្សាយព័ត៌មានទៅលើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិបែបទំនើប បែបបុរាណទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងធ្វើយ៉ាងម៉េចរត់ប្រឆាំងឲ្យបាននូវជំងឺដ៏កាចសាហាវមួយនេះ។ អ៊ីចឹងតួនាទីរបស់អ្នកសារព័ត៌មានដូចទិសស្លោកមួយរបស់អង្គការយូណេស្កូឆ្នាំនេះ ដែលបានលើកឡើងថា «អ្នកសារព័ត៌មានគឺជាទំនិញ សាធារណៈ ជាទំនិញប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់បំផុត» ។ ហ្នឹងគឺជាតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ ការកម្សាន្តផ្សេងៗ ជាពិសេសក្នុងរយៈពេលកាត់ផ្ដាច់នេះ អ្នកនៅផ្ទះមួយចំនួនគឺកុមារក្ដី ជនចាស់ជរាមានភាពស្ត្រេស(Stress) ប៉ុន្តែអ្នកសារព័ត៌មានយើងបានដើរតួនាទី ដូចជាការផលិតនូវនាទី កម្សាន្តសប្បាយដើម្បីចែកជូនទៅដល់ក្មេងៗទាំងអស់នោះនៅផ្ទះបានសុខផងនិងមានសុខុមាលភាពនៅក្នុងខ្លួនផង។»
ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្ដែងក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានគិតគូរទាក់ទងជាមួយនឹង បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ជាអ្នកនៅតំបន់ជួរមុខ ដែលគាត់មានបញ្ហាប្រឈមច្រើន ទី១ ការគិតរបស់រាជរដ្ឋាភិបាលថ្លឹងថ្លែងថា តើធ្វើយ៉ាងម៉េចឲ្យមានព័ត៌មានគ្រប់ជ្រុងជ្រោយទាំងអស់ ជូនទៅប្រជាពលរដ្ឋដើម្បីបានជ្រាប និងទី២ គិតគូរពីកត្ដាសុខុមាលភាព និង សុខភាពរបស់អ្នកសារព័ត៌មាន នៅក្នុងតំបន់ជួរមុខ តើត្រូវធ្វើយ៉ាងម៉េចកុំឲ្យមានបញ្ហាឆ្លងកើតឡើងដល់អ្នកសារពត៌មាន៕