អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទអះអាងថា ពលរដ្ឋចូលរួមចាក់វ៉ាក់សាំងច្រើនរយៈពេល២ថ្ងៃកន្លងមកនេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃ កងយោធពលខេមរភូមិន្ទបានអះអាងថា ប្រជាពលរដ្ឋបានចូលរួមចាក់វ៉ាក់សាំងយ៉ាងច្រើន ខណៈក្រសួងការពារជាតិបានដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
ក្នុងវេទិកាផ្សាយពិសេស ស្តីពីសកម្មភាព និងលទ្ធផលនៃការអនុវត្តរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសតាមទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍ថា ជាមោទនភាពណាស់ដែលប្រមុខរាជរដ្ឋាភិបាលផ្ដល់សេចក្តីទុកចិត្ត ហើយបានប្រគល់ភារកិច្ចមកឱ្យកងយោធពលខេមរភូមិន្ទបំពេញភារកិច្ចជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម និងឱ្យបានជោគជ័យក្នុងការសង្រ្គោះប្រជាពលរដ្ឋឱ្យរួចផុតពីការឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នេះ។ ដូច្នេះកងយោធពលខេមរភូមិន្ទមានមោទនភាពណាស់ហើយក៏បានខិតខំបំពេញការងារក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដើម្បីអនុវត្តន៍ឱ្យបានជោគជ័យតាមការប្រគល់ភារកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែមថា «ស្ថានភាពថ្ងៃដំបូងខ្ញុំសូមជម្រាបជូនថា ព្រឹកព្រលឹមឡើងនៅពេលកម្លាំងយើងមិនទាន់ទៅដល់ផង កន្លែងខ្លះទៅដល់កន្លែងខ្លះមិនទាន់ទៅដល់ផង ប្រជាពលរដ្ឋរង់ចាំកកកុញគ្នាបន្តិច។ អីចឹងស្ថានការណ៍ថ្ងៃដំបូងមានភាពកកកុញគ្នាបន្តិចដែរ ក៏ប៉ុន្តែក្រោយពីយើងសហការជាមួយរដ្ឋអំណាចនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមក្នុងបញ្ហានេះ យើងបានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអំពីការចាក់តាមលំដាប់លំដោយពីភូមិមួយទៅភូមិមួយហើយសូមបងប្អូនណាដែលមិនទាន់ដល់វេនសូមរង់ចាំ ហើយការចាក់នេះគឺចាក់ទាំងអស់គ្នា។ ក្រោយពីក្រុមការងារផ្សព្វផ្សាយ ប្រជាពលរដ្ឋយល់ហើយពលរដ្ឋបានវិលទៅវិញហើយស្ថានការណ៍បានវិលមកល្អវិញទាំងសណ្ដាប់ធ្នាប់ទាំងវិធានការការពារ»។ ទាក់ទងនឹងសំណួរដែលបានលើកឡើងថា ហេតុអ្វីត្រូវបំពេញទម្រង់ ព្រោះប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទាំងអស់គ្នាហើយនោះ?
ឯកឧត្តម នាយឧត្តមសេនីយ៍បានមានគូសបញ្ជាក់ថា “បញ្ហានេះខ្ញុំសូមជម្រាបថា មូលហេតុដែលយើងបំពេញទម្រង់នេះវាមានអត្ថន័យបី ទី១ ដើម្បីបញ្ជាក់ជូនគាត់ថា តើគាត់ស្ម័គ្រចិត្តចាក់ ឬអត់។ ទី២ ដើម្បីគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋយើងឱ្យដឹងថា អ្នកណាបានចាក់ហើយនិងអ្នកណាមិនទាន់ចាក់ ដើម្បីឱ្យដឹងចំនួនថា គាត់រស់នៅកន្លែងណា ទើបតម្រូវឱ្យមានអត្តសញ្ញាណបណ្ណ ភ្ជាប់មកជាមួយ ឬសំបុត្រកំណើត ឬ ប័ណ្ណ ប ស ស ក៏អាចប្រើជំនួសបាន។ បញ្ហាទី៣ ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងនេះគ្មានបង់លុយ គ្មានបង់អ្វីទាំងអស់ បើបានឃើញអ្នកណាមួយស្នើឱ្យបង់ប្រាក់ សូមប្រាប់មកក្រុមការងារចម្រុះ ជាបន្ទាន់ដើម្បីចាត់វិធានការ។” យោងតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម បានបើកយុទ្ធនាការចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងការពារជាតិ៕