រាជធានីភ្នំពេញនឹងបើកដំណើរការតំបន់ខ្លះ ប៉ុន្តែនៅបិទខ្ទប់តំបន់ប្រឈមមួយចំនួន
TNM(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការរាជធានីភ្នំពេញឡើងវិញ ប៉ុន្តែនៅបិទខ្ទប់តំបន់ដែលប្រឈមដដែល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។
ដោយឡែក ចំពោះរាជធានីភ្នំពេញ នៅរក្សាតំបន់៣គឺ តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមដដែល ដោយជំរុញឱ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អ្វីដែលយើងត្រូវអនុវត្ត គឺបង្រួមការបិទខ្ទប់តំបន់ប្រឈមអោយមកនៅទ្រង់ទ្រាយតូចជាងមុន ចំពោះតំបន់លឿងយើងនៅរក្សា ការអនុវត្តវិធានការដដែល ដោយមិនឱ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។ ចំពោះតំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល ។ រីឯតំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឱ្យបានម៉ឺងម៉ាត់បំផុត ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយយើងនឹងចេញសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានា ក្នុងរាជធានីភ្នំពេញនេះ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលដែលនឹងបញ្ចប់នៅថ្ងៃទី០៥ ខែឧសភាខាងមុខនេះ មានន័យថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ។ ក្រោយថ្ងៃទី០៥ យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩នេះទៅតំបន់ផ្សេងទៀត ។ លោកបន្តថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ ដូច្នេះ ក្រោយថ្ងៃ០៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួនគឺនៅរក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាមការបើកហាងផឹកស៊ី ហើយអាជ្ញាធរខណ្ឌនិមួយៗ ត្រូវតែពិនិត្យភូមិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ខែមេសា បានចេញសេចក្តីសម្រេច ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការឆ្លងកើនឡើងខ្លាំង រយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។ បន្ថែមពីនោះទៀត ភូមិសាស្រ្តដែលត្រូវបិទខ្ទប់ត្រូវបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងដដែល គឺតំបន់ក្រហមសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ តំបន់លឿង សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕