កូរ៉េខាងត្បូងប្រឈមនឹងកង្វះវ៉ាក់សាំងជំងឺកូវីដ-១៩
កាលពីថ្ងៃអាទិត្យ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងអាចនឹងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំងជំងឺកូវីដ-១៩ ខណៈដែលចំនួនវ៉ាក់សាំងនៅពេលនេះមានតិចជាង ១០ភាគរយនៃចំនួនវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដូសដែលនៅសល់ ដោយបានបង្កើនការព្រួយបារម្ភអំពីការពន្យារពេលក្នុងកាលវិភាគនៃការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។
ក្រុមការងារគ្រប់គ្រងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ប្រទេសនេះបាននិយាយថា ប្រទេសនេះទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ២លានដូសហើយរហូតមកដល់ពេលនេះ ហើយប្រជាជនចំនួន ១,៨២លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះចំនួន ២ដូសគិតត្រឹមថ្ងៃអាទិត្យ។
នៅពេលនេះ នៅសល់វ៉ាកសាំងតែ ១៦៦ ៧១៦ដូស ឬស្មើនឹង ៨,៨ភាគរយនៃចំនួនសរុបប៉ុណ្ណោះ។ វ៉ាក់សាំងទាំងនេះអាចត្រូវបានផ្តល់ដល់មនុស្សប្រហែល ២០០ ០០០នាក់ ប្រសិនបើស៊ឺរ៉ាំង LDS ដែលត្រូវបានរចនាឡើងដើម្បីបង្កើនចំនួនអ្នកទទួលត្រូវបានប្រើប្រាស់។
ដោយពិចារណាទៅលើប្រជាជនជាង ១០០ ០០០នាក់ដែលត្រូវបានចាក់វ៉ាក់សាំងក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កម្រិតដែលនៅសល់នេះត្រូវបានគេរំពឹងថានឹងអស់ក្នុងរយៈពេលតិចជាងពីរថ្ងៃ លើកលែងតែមានវ៉ាក់សាំងបន្ថែមទៀតត្រូវបានចែកចាយក្នុងរយៈពេលជាប៉ុន្មានថ្ងៃនេះ។
នៅពេលមុននេះ អាជ្ញាធរសុខាភិបាលបាននិយាយថា ខ្លួននឹងទទួលបានវ៉ាក់សាំងចំនួន ៨,៦៧លានដូសបន្ថែមទៀតពីក្រុមហ៊ុន AstraZeneca និងតាមរយៈគម្រោងវ៉ាក់សាំង COVAX សកលលោករបស់អង្គការសុខភាពពិភពលោកនៅក្នុងខែមិថុនាខាងមុខនេះ ប៉ុន្តែនៅមិនទាន់បានបង្ហាញអំពីកាលវិភាគលម្អិតនៅឡើយទេ។
ក្រុមសម្របសម្រួលការចាក់វ៉ាក់សាំងកាលពីខែមុនបានណែនាំឱ្យប្រជាជនទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី ២ ក្នុងរយៈពេលពី ១១ ទៅ ១២សប្តាហ៍ពីការចាក់ដូសទីមួយ ដែលកាលពីមុនបានណែនាំឱ្យចាក់ដូសទីពីរនៅរយៈពេលពី ៨ ទៅ ១២សប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាព និងពិចារណាទៅលើការផ្គត់ផ្គង់វ៉ាក់សាំង។
ខណៈដែលមន្ត្រីសុខាភិបាលបានចាប់ផ្តើមការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca កាលពីថ្ងៃទី ២៦ ខែកុម្ភៈ អ្នកដែលបានចាក់វ៉ាក់សាំងដំបូងនឹងត្រូវទទួលការចាក់ដូសទី ២ ចាប់ពីថ្ងៃទី ១៤ ខែឧសភាទៅ ដែលអាចធ្វើឱ្យមានភាពស្មុគស្មាញដល់កាលវិភាគនៃការចាក់វ៉ាក់សាំង៕