ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្ថែមការឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់កម្លាំងចម្រុះ បន្ទាប់ពីមានការបន្តការបិទខ្ទប់
(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋាភិបាល បានបន្តការបិទខ្ទប់ការ ធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលរយៈពេល១សប្តាហ៍ទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ក៏បានបន្តឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងយាមនៅតាមគោលដៅបិទខ្ទប់ចំនួន ២០ទីតាំងក្នុងរាជធានីភ្នំពេញ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគូសបញ្ជាក់ថា នេះជាការបរិច្ចាគបន្ថែមទៅលើអំណោយ ជាង២ពាន់កេស ដែលក្រុមហ៊ុនបានចែកជូន គោលដៅបិទខ្ទប់ជិត ១០០ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា»។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ បានមានប្រសាសន៍បន្តថា៖ «ការបរិច្ចាគនាពេលនេះ គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងកាត់បន្ថយចំណាយរបស់កងកម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មយ៉ាងលំបាកមួយនេះ»។
គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ ២០២០ ដោយគ្រោងបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ប្រមាណ ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕