រដ្ឋបាលរាជធានីភ្នំពេញ ៖ ការផ្ដល់អំណោយជូនពលរដ្ឋ ដែលបិទខ្ទប់ មិនរើសអើងនោះទេ រហូតដល់ពេលនេះ បានជិត១៩ ម៉ឺនគ្រួសារហើយ និង ខិតខំបន្ដចែកទៀតឱ្យមានតម្លាភាព

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី៣០ មេសាបានជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ជាមតិយោបល់ផ្សេងៗ អំពីយន្តការក្នុងការទទួលអំណោយ ការបែងចែកអំណោយនិងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗថា “មានការរើសអើង” នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំពោះបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនដូចខាងក្រោម៖ ចាប់តាំងពីការផ្តើមអនុវត្ត នូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដោយ មានការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ រហូតមកដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចវិបុល សេនាភក្តី អំណោយជំនួយសង្គមរបស់រាជរដ្ឋាភិ បាល និងអំណោយសង្គ្រោះបន្ទាន់ ពីសប្បុរសជននានា ក្នុងវិស័យឯកជនទាំងក្នុងលក្ខណៈជាក្រុមហ៊ុននិងលក្ខណៈបុគ្គល ព្រមទាំងអំណោយរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងៗ ពីគ្រប់មជ្ឈដ្ឋាន ។

អំណោយ និងជំនួយសង្គ្រោះបន្ទាន់ផ្សេងៗ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមដឹកជញ្ជូនពីកម្លាំងកងយោធ ពលខេមរភូមិន្ទ កម្លាំងបញ្ហាការដ្ឋានកងអង្គរក្សបញ្ជូន មកអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំចាត់ចែងបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រខណ្ឌ ទាំង១៤ សរុបបានចំនួន ១៨៤,៤០៦ គ្រួសារ មិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឱ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ដោយផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ។

ចំពោះយន្តការនៃការបែងចែកគឺបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដោយបាន យកចំនួនគ្រួសារ បន្ទប់ជួល និងអ្នកមានជីវភាពខ្វះខាតជាមូលដ្ឋាន និងធ្វើការបែងចែកប្រកបដោយតម្លាភាព បានចំគោល ដៅពិតប្រាកដ និង មានភាពឆាប់រហ័ស ព្រមទាំងធានាបាននូវសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ៕

 

អត្ថបទដែលជាប់ទាក់ទង