អាជ្ញាធររាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ សហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារ ចែកជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន៣៧២០០គ្រួសារនៅតំបន់បិទខ្ទប់ (ក្រហម)
អនុវត្តតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល បានដាក់បញ្ជាឱ្យអាជ្ញាធរ ខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថ ថ្ងៃទី២៨ និង៣០ ខែមេសា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក ដោយបន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧២០០គ្រួសារបន្ថែមទៀតនៅតាមខណ្ឌនីមួយៗនៅក្នុងរាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ និង៣០ មេសា រយៈពេល៣ថ្ងៃ ជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧២០០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥៥០០គ្រួសារ នៅពោធិ៍សែនជ័យ ចំនួន១៨១០០គ្រួសារ ខណ្ឌដង្កោ៩០០ខណ្ឌសែនសុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ៥០០ គ្រួសារ ខណ្ឌឫស្សីកែវចំនួន៣០០០គ្រួសារ ខណ្ឌជ្រោយចង្វារ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន១៥០០ គ្រួសារ, ខណ្ឌ៧មករា១០០០គ្រួសារ ខណ្ឌទួលគោក១៣០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង១០០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១៣០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ ។
សូមបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និង រថយន្ត៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយ មានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕