រដ្ឋបាលខេត្តសៀមរាបសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារកន្រ្តក បន្ទាប់ពីរកឃើញពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ១៩
TNM(ខេត្តសៀមរាប) ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ការចេញ ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹង ជាថ្មីឡើងវិញ។ ការបិទខ្ទប់ការចេញចូលជាបណ្ដោះអាសន្នក្នុងបរិវេណផ្សារកន្រ្តកនេះ បន្ទាប់រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៥នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់បានចេញចូលផ្សារកន្រ្តក ស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍ឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕