បិទរដូវនេសាទចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅក្នុងខេត្តស្ទឹងត្រែង

TNM(ខេត្តស្ទឹងត្រែង) ៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ជូនដល់បងប្អូនប្រជានេសាទនៅក្នុងខេត្ត ឲ្យបានជ្រាបជាព័ត៌មាន ចាប់ផ្ដើមបិទរដូវនេសាទ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ទើបបើកការនេសាទឡើងវិញ ។

យោងតាមសេចក្តីជូនដំណឹង របស់ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែងសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង គឺនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ នៅក្នុងកំឡុងពេលបិទនេសាទនេះគឺមិនអនុញ្ញាតឲ្យធ្វើការនេសាទ ដោយប្រើប្រាស់ឧបករណ៍មងគ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជនាកំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទទឹមជាមួយគ្នានេះដែរក្នុងរដូវបិទនេសាទ សូមឲ្យបងប្អូនមេត្តាបញ្ឈប់ជាបន្ទាន់ នូវការប្រើឧបករណ៍ ដូចជា ឆក់ បំពុលនិងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាស អន្តរាយ ដល់ធនធានជលផលនិងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត ។

ទោះបីជា នៅក្នុងកំឡុងពេល បិទរដូវនេសាទក៏ដោយ បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបានដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារ មានដូចជា សៃយុឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រីនិងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតសម្រាប់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ។(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង