អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ដើម្បីដាក់ផែនការជូនដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម
TNM(ខេត្តកំពង់ចាម) ៖ នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការជូនដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ខណៈថ្ងៃនេះ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ ក្នុងនោះកម្មករ-កម្មការីនី ចំនួន ៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅថ្ងៃនេះ ជាការរកឃើញក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុន។ កត្តានេះហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការចាំបាច់នានាដែលរដ្ឋបាលខេត្តដាក់ចេញនៅថ្ងៃនេះ សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយ ទៅសហគមន៍មួយ។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖
១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ភូមិ ឃុំដែលពាក់ព័ន្ធនឹងករណីកូវីដ-១៩ ដោយត្រូវរៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូលក្នុងភូមិសាស្ត្របិទខ្ទប់ភូមិ ឬចេញក្រៅផ្ទះ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងតម្រូវឲ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ។
២-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធ បន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
៣-គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ត្រូវបញ្ជូនកម្មករ កម្មការិនីដែលធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកសាមី ដើម្បីយកសំណាក និងតាមដានសុខភាព។
៤-ត្រូវនាំយកអ្នកពាក់ព័ន្ធទាំងអស់ មកយកសំណាក់ទៅពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឬមណ្ឌលចត្តាឡីស័ករបស់ស្រុកសាមី សម្រាប់អ្នកដែលប៉ះពាល់ដោយផ្ទាល់ ដោយឡែកអ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានអនុញ្ញាតិឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល។
៥-រដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រូវរៀបចំការលក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់នៅព្រំប្រទល់ភូមិដែលត្រូវបានបិទខ្ទប់ ឬរៀបចំការលក់ដូរចល័ត ចូលទៅក្នុងភូមិដែលត្រូវបិទខ្ទប់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាននៃការអនាម័យរបស់សុខាភិបាល ដោយប្រើប្រាស់ស្រោមដៃ បាញ់អាកុល ពាក់ម៉ាស់ជាប់ជាប្រចាំទាំងអ្នកលក់ដូរម្ហូបអាហារចល័ត និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ។ជាមួយគ្នានេះក៏ត្រូវកំណត់ចំនួនប្រជាពលរដ្ឋដែលចេញមកទិញម្ហូបអាហារ ដោយក្នុងមួយគ្រួសារ០១រូប និងចេញទិញម្ហូបអាហារ ៣ដងក្នុងមួយសប្តាហ៍។
៦-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំបំពាក់បរិក្ខាពេទ្យ នៅមន្ទីរពេទ្យមេគង្គ ឱ្យបានឆាប់រហ័ស ដើម្បីត្រៀមបម្រុងសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីរកឃើញថ្មីៗ។
គួរបញ្ជាក់ថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញករណីថ្មីចំនួន ៣៩នាក់ ក្នុងនោះកម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ(៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។ ជាវិធានការបន្ទាន់ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ ឃុំមួយចំនួនដែលពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត ក្នុងនោះ៖
ក-ស្រុកកងមាស ៖ ឃុំកងតាណឹង ឃុំស្តៅ និងឃុំរកាអារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ។
ខ-ស្រុកបាធាយ ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង, ភូមិចុង និងភូមិសង្កើប ឃុំសំបូរ, ភូមិតាំងក្រាំង ឃុំជាលា
គ-ស្រុកស្រីសន្ធរ ៖ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទៃ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ៕