កម្ពុជាឈរលំដាប់លេខ២ក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ បានច្រើនជូនពលរដ្ឋ

TNM(ភ្នំពេញ) ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងឱ្យដឹងថា កម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនបានចំនួនច្រើន ដើម្បីកាត់ផ្តាច់នូវការចម្លងវីរុសកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសានេះ បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជិត៤លានដូសរួចមកហើយ ភាគច្រើនបំផុតជា វ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន រួមមាន ៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១លាន៣សែនដូស , វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីចិន ចំនួន២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមរយៈអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូស។ សម្ដេចតេជោបន្ដថា តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជាបានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន៣សែននាក់ហើយ។ សម្ដេចតេជោបញ្ជាក់ថា កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបាន ចំនួនច្រើនជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង