ប្រទេសឡាវត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩

​រដ្ឋាភិបាល​ឡាវ​បានប្រកាសថា ប្រទេស​នេះ​បានបញ្ចប់​ការរៀបចំ​ជា​មូលដ្ឋាន​នូវ​ធនធាន​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុង​បរិបទ​ដែល​ចំនួន​នៃ​ការឆ្លង​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ជាមួយនឹង​ការឆ្លង​ថ្មី​ប្រមាណ​ជិត ៥០០​នាក់​ដែល​ត្រូវបាន​រាយការណ៍​នៅក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ថ្ងៃទី ២០ ខែមេសា​មក រដ្ឋាភិបាល​ឡាវ​បានស្នើ​សុំឱ្យ​វិស័យ​សុខាភិបាល​របស់ខ្លួន​ធ្វើការ​ពិនិត្យ និង​ចុះបញ្ជី​ជាបន្ទាន់​នូវ​ការផ្គត់ផ្គង់​ឱសថ និង​ប្រភព​ហិរញ្ញវត្ថុ​ដើម្បី​បម្រើ​ការងារ​បង្ការ​រោគរាតត្បាត​នេះ​។​

​វិស័យនេះ​ក៏ត្រូវ​បាន​គេ​ស្នើ​សុំឱ្យ​រៀបចំ​កន្លែង​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល ហើយ​ផ្តោត​សំខាន់​ទៅលើ​ការតាមដាន និង​ការយក​សំណាក​សម្រាប់​ការធ្វើ​តេស្ត​អ្នក​ដែល​បាន​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ។​ យោងតាម​ក្រសួងសុខាភិបាល​ឡាវ​បានឱ្យដឹងថា បណ្តា​មន្ទីរពេទ្យ​ទាំងអស់​ដែល​បម្រើសេវា​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ទីក្រុង​វៀងចន្ទន៍​បាន​ត្រៀម​ទទួល​អ្នកជំងឺ​។​

​រដ្ឋាភិបាល​ឡាវ​ក៏បាន​ស្នើសុំ​ឱ្យមាន​លំហូរ​ទំនិញ​នាំចូល និង​ការដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត​ដោយ​រលូន​ផងដែរ ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ផលិតផល​ចាំបាច់​សម្រាប់​ប្រជាជន​។​ ខេត្ត និង​ទីក្រុង​ទាំង ១៨ របស់​ប្រទេស​ឡាវ​បច្ចុប្បន្ននេះ​កំពុងស្ថិត​ក្នុង​ការបិទ​ខ្ទប់​៕

អត្ថបទដែលជាប់ទាក់ទង