មន្ត្រីជំនាញមន្ទីរពិសោធន៍ បន្តចុះត្រួតពិនិត្យ និងវិភាគគុណភាពទំនិញ មុនយកទៅដាក់លក់ឬចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងតំបន់បិទខ្ទប់។
TNM(រាជធានីភ្នំពេញ) ៖ ដោយអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លូន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញ នៅទីតាំងឃ្លាំងស្តុកគីឡូម៉ែត្រលេខ៦របស់ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្មសម្រាប់ដាក់លក់ និងចែកជូនប្រជាពលរដ្ឋក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ ការត្រួតពិនិត្យនេះ គឺដើម្បីធានាថា ទំនិញដែលនឹងត្រូវនាំយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ គឺមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់៕