ករណីឆ្លងជំងឺកូវីដ-១៩ នៅបន្តកើនឡើងនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍
TNM(ភ្នំពេញ) ៖ កាលពីថ្ងៃទី ២៧ ខែមេសា យោងតាមក្រសួងសុខាភិបាលឡាវបានឱ្យដឹងថា ប្រទេសឡាវបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧៥នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៥១១នាក់។
អគ្គនាយកនៃមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍ និងរោគរាតត្បាតនៃក្រសួងសុខាភិបាលឡាវ លោក Phonepadith Xangsayarath បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងច័ន្ទន៍ប្រទេសឡាវនៅថ្ងៃនោះថា ក្នុងចំណោមករណីថ្មីទាំងនោះ មានករណីថ្មីចំនួន ៥៩នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ៨នាក់នៅក្នុងខេត្តចំប៉ាសាក់ ៤នាក់នៅក្នុងខេត្តវៀងចន្ទន៍ និងម្នាក់ៗនៅក្នុងខេត្តសុវណ្ណខេត្ត ខេត្តបរកែវ ខេត្តហ្លួងព្រះបាង ខេត្តសៀងខួង។
ខេត្តក្រុងចំនួន ១៥ ក្នុងចំណោមខេត្តក្រុងទាំង ១៨ របស់ប្រទេសឡាវបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ដែលរួមមានខេត្តចំនួន ៨ ដែលជាប់ព្រំដែនជាមួយខេត្តមួយចំនួនរបស់វៀតណាមដូចជាខេត្ត Son Son ខេត្ត Dien Bien ខេត្ត Nghe An ខេត្ត Ha Tinh ខេត្ត Quang Binh ខេត្ត Quang Tri ខេត្ត Thua Thien-Hue ខេត្តQuang Nam និងខេត្ត Kon Tum ។
ពេលបច្ចុប្បន្ននេះ ទីក្រុង និងខេត្តទាំងអស់របស់ឡាវត្រូវបានដាក់ឱ្យស្ថិតក្នុងការបិទខ្ទប់។
ក្រសួងសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃទី ២៧ ខែមេសា បានរាយការណ៍ថាមានការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧ ២០៤នាក់ ដែលនាំឱ្យករណីឆ្លងសរុបនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកើនដល់ចំនួន ១ ០១៣ ៦១៨នាក់។
ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦ ៩១៦នាក់ បន្ទាប់ពីអ្នកជំងឺ ៦៣នាក់ទៀតបានស្លាប់ដោយសារជំងឺនេះ។
ក្រសួង DOH បានផ្តល់អនុសាសន៍ឱ្យបន្តវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងមេត្រូម៉ានីល និងខេត្តជាប់គ្នាចំនួន ៤ របស់ខ្លួន ដោយបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីទប់ស្កាត់ការឆ្លង និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល៕