សម្តេចតេជោបន្តណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្តោតការយកចិត្តទុក ឱ្យបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

TNM(ភ្នំពេញ)៖ សម្តេចតេជោបន្តណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីដាក់ចេញនិងអនុវត្តន៍ ឱ្យបានម៉ឺងម៉ាត់នូវវិធានការ ក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តរបស់ខ្លួន ជាពិសេសការដាក់ចេញនូវវិធានការបិទខ្ទប់ និងការកាត់ផ្តាច់ចរាចរណ៍មិនឱ្យចេញពីតំបន់ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១” ដែលវិធានការទាំងនេះរួមមាន ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចតេជោបន្តថា ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតាមបណ្តារាជធានី-ខេត្ត រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីដាក់ចេញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការនានាដូចជា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដែលត្រូវបានបិទខ្ទប់ ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាលត្រូវបន្តពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់នេះ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត ជាពិសេស ចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់នេះ។ ការពង្រឹងការអនុវត្តដោយម៉ឺងម៉ាត់នូវវិធានការនេះ ក៏ត្រូវអនុវត្តផងដែរសម្រាប់តំបន់បិទខ្ទប់ផ្សេងទៀតដែលត្រូវបានសម្រេចដោយគណៈអភិបាលខេត្តនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។ សម្តេចតេជោបន្តថា សម្រាប់ភូមិសាស្ត្រ ឬទីតាំងដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គណៈអភិបាលខេត្តត្រូវចាត់វិធានការ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀតឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈការដាក់ចេញវិធានការនានា ។ ជាអាទិ៍៖ ការបិទខ្ទប់នូវភូមិសាស្ត្រដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ការផ្អាកសកម្មភាពអាជីវកម្ម មុខរបរ ឬសកម្មភាពការងារ, ការកាត់ផ្តាច់ចរាចរណ៍ចេញ-ចូលតំបន់នោះ, ការដាក់ចេញនូវវិធានការកំណត់ និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩ ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការធ្វើចត្តាឡីស័ក និងការព្យាបាល ដោយអនុវត្តស្របតាមច្បាប់ អនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀតស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សម្តេចតេជោ បន្តទៀតថា សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩, គណៈអភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាករបស់អ្នកធ្វើដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព,ការអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្រ្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង