ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធដល់កងកម្លាំងយាមកាមនៅតាមគោលដៅបិទខ្ទប់
TNM(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំង ដែលយាមកាមនៅតាមគោលដៅបិទខ្ទប់ការធ្វើដំណើរចំនួន៣០ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
ក្រុមហ៊ុន ក៏នឹងបន្តឧបត្ថម្ភដល់គោលដៅបិទខ្ទប់ជាច្រើនទៀតជាបន្តបន្ទាប់ផងដែរ។ ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដែលធ្វើការបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធជូនដល់ស្ថាប័ននានា ដែលបំពេញកិច្ចការងារជួយដល់សង្គមជាតិ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខណៈពេលប្រជាពលរដ្ឋជាច្រើនបានជួបជុំគ្រួសារនៅតាមផ្ទះរបស់ពួកគេ កងកម្លាំងចម្រុះឯណេះវិញ ត្រូវ ឈរយាមក្រោមកម្តៅថ្ងៃ និងដំណក់ទឹកភ្លៀងទាំងយប់ទាំងថ្ងៃ ដើម្បីសុវត្ថិភាពរបស់យើងគ្រប់ៗគ្នា ដូច្នេះក្រុមហ៊ុនចង់ផ្តល់ជាកម្លាំងចិត្ត និងសម្រាលការលំបាកខ្លះៗជូនដល់កងកម្លាំងរបស់យើង តាមរយៈការជូនភេសជ្ជៈ និងទឹកបរិសុទ្ធទាំងនេះ»។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារ៕