ប្រធាន គ.វ.ក-១៩ ទទូចដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភអំពីការខ្វះវ៉ាក់សាំងសម្រាប់ចាក់ ដូសទី២
TNM(ភ្នំពេញ) ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានទទូចដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ អំពីការខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូសទី២ ដោយត្រូវអនុវត្តតាមការកំណត់ក្នុងរយៈពេលចាក់ដូសទី១ចៀសវាងការមកដណ្តើមចាក់វ៉ាក់សាំង ដែលអាចនាំឱ្យមាន ហានិភ័យដល់ខ្លួនឯងនិងអ្នកដទៃ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នក នាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា ក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភខ្លាច ខ្វះវ៉ាក់សាំងសម្រាប់ចាក់ដូស ទី២ដែលធ្វើឱ្យកន្លែងចាក់វ៉ាក់សំាងមានមនុស្សច្រើន ។ ដូច្នេះលោកជំទាវវេជ្ជបណ្ឌិត អំពាវនាវយ៉ាង ទទូចដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ពីព្រោះក្រសួងបានត្រៀមវ៉ាក់សាំងសម្រាប់ អ្នកដែលមាន តម្រូវការចាក់លើកទី២ ដូចជាវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់គឺមានគ្រប់គ្រាន់ ដោយប្រជាពលរដ្ឋ គ្រាន់តែអនុវត្តនៅតាមពេលវេលាដែល គ,វ,ក១៩ បានកំណត់។
សំឡេង៖« ដោយសារការព្រួយបារម្ភរបស់បងប្អូនយើង ឃើញថាគាត់អញ្ជើញមកហ្នឹង គឺវាច្របូកច្របល់ អ្នកដែលចាក់អត់ត្រូវថ្ងៃគាត់ចេះតែអញ្ជើញមក ធ្វើឱ្យមានការកកស្ទះ ហើយលើសអំពីចំនួនដែលក្រុមគ្រូពេទ្យអាចចាក់បានក្នុងមួយថ្ងៃ ។ អ៊ីចឹងត្រូវនៅសល់ ហើយអ្នកដែលនៅសល់នេះ គាត់ក៏មិនព្រមអញ្ជើញទៅណាទៀត បើទោះបីជាយើងបិទទ្វាររបងហើយក៏ដោយ ក៏គាត់នៅតែឈរកកស្ទះនៅពេញហ្នឹង រហូតទាល់តែយើងអញ្ជើញអាជ្ញាធរ មកជួយសម្របសម្រួលទៅ ទើបពួកគាត់អញ្ជើញត្រឡប់ទៅវិញ ។ ដូច្នេះខ្ញុំសូមស្នើសុំដោយទទូចសូមឱ្យបងប្អូនមេត្តាយល់វិញផងដែរ អំពីរបៀបរបបនៃការចាក់វ៉ាក់សាំងនេះ ហើយជាពិសេសសូមឱ្យមានសណ្តាប់ធ្នាប់ដើម្បីជួយការពារបងប្អូន ការពារដល់ក្រុមគ្រូពេទ្យដែលកំពុងប្រចាំការសម្រាប់ចាក់វ៉ាក់សាំងនោះ ចៀសវាងនូវការមានហានិភ័យនៃការឆ្លងឱ្យគ្នាទៅវិញទៅមក ។ សូមបញ្ជាក់ម្តងទៀត កុំមានការព្រួយបារម្ភដែលក្នុងនាមជាប្រធានគ.វ.ក១៩នេះ ខ្ញុំសូមជម្រាបជូនថាវ៉ាក់សាំងស៊ីណូវ៉ាក់និងវ៉ាក់សាំងស៊ីណូហ្វាមគឺយើងមានគ្រប់គ្រាន់សម្រាប់ចាក់ជូនដល់បងប្អូនដែលមានតម្រូវការចាក់ដូសទី២ »។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានណែនាំដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័ក ឋិតនៅតំបន់ក្រហម ហើយត្រូវចាក់វ៉ាក់សាំងដូសទី២ ដូច្នោះសូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាន នូវកាលបរិច្ឆេទនៃការចាក់ដូសទី១និងប្រភេទវ៉ាក់សាំងដែលបានចាក់ ដើម្បីឱ្យអាជ្ញាធររៀបចំបញ្ជីឈ្មោះ ជូនទៅគណៈកម្មការចំពោះកិច្ច ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងជូននៅទីតាំងដែលបានកំណត់។
លោកជំទាវវេជ្ជបណ្ឌិត ក៏បានស្នើដល់អ្នកដែលធ្វើចត្តាឡីស័កទាំងនោះ កុំឱ្យមានការបារម្ភ ព្រោះការចាក់វ៉ាក់សាំងដូសទី២នេះ មិនមានហានិភ័យចំពោះភាពយឺតយ៉ាវបន្តិចបន្តួចនោះទេ ប៉ុន្តែនឹងមានប្រសិទ្ធភាពថែមទៀត។
សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃកន្លងទៅនេះ អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ មានចំនួន ៦១០,៦៥៧នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន ៥៧៤,៤៣៧នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន ៣៩,៧៤៩នាក់។ ដោយឡែកសម្រាប់អ្នកអ្នកចាក់លើកទី២ បានចំនួន ២៩១,៩១៤នាក់៕