អភិបាលរាជធានីបន្តចែកអំណោយជូនពលរដ្ឋនៅសង្កាត់ទាំង៨នៃខណ្ឌច្បារអំពៅ

TNM(ភ្នំពេញ) ៖ អភិបាលរាជធានីបន្តចែកអំណោយជូនពលរដ្ឋសង្កាត់ទាំង៨នៃខណ្ឌច្បារអំពៅ ដើម្បីកាត់បន្ថយការលំបាក ខណៈរួមគ្នាផ្ដាច់ជម្ងឺកូវីដ-១៩ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២៤ ខែមេសានេះបានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន ១.០០០គ្រួសារមកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបិទខ្ទប់ភូមិឋានរបស់បងប្អូនជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា បើបងប្អូនមានការអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលឲ្យបានល្អប្រសើរជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩ បាន នោះ រាជរដ្ឋាភិបាលនឹងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនឹងជម្ងឺកូវីដ-១៩ នោះ កម្ពុជាយើង នឹងដំណើរការប្រសើរឡើងវិញ ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើងវិញព្រមៗគ្នាផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា មានជនអគតិមួយចំនួនបានតែស្រែក ពេលមានបញ្ហាលំបាក មិនដែលឃើញមុខពួកគេនោះ ចុះមកជួយប្រជាពលរដ្ឋទេ មានតែសម្ដេចតេជោទេ ដែលបាននៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក៏ដោយ។ ជាក់ស្តែងសម្រាប់សភាពការណ៍ពេលនេះ សម្ដេចតេជោ បានចាត់ចែងឲ្យអាជ្ញាធរ ចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ នៅតំបន់ត្រូវបិទខ្ទប់ និងចុះសុខទក្ខប្រជាពលរដ្ឋជាប្រចាំ បើមានការខ្វះខាតអ្វីយើងជួយពួកគាត់បាន ភ្លាមតែម្តង ដោយមិនទុកឲ្យពួកគាត់អត់បាយឡើយ។

គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ មានជីវភាពខ្វះខាតខាងលើនេះ មានចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរ ៕

 

អត្ថបទដែលជាប់ទាក់ទង