សត្វផ្សោតមួយក្បាលបានស្លាប់អណ្ដែតទឹកក្នុងឃុំព្រះរំកិលមិនដឹងមូលហេតុ

TNM(ខេត្តស្ទឹងត្រែង) ៖ សត្វផ្សោតមួយក្បាលត្រូវបានសហគមន៍រាយការណ៍ប្រាប់ទៅមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តថាបានប្រទះឃើញស្លាប់បណ្ដែតទឹកទើរនៅក្នុងគុម្ពោតព្រៃក្នុងទន្លេមេគង្គ នៅម្ដុំកន្ទុយភូមិអន្លង់ស្វាយ ស្ថិតនៅក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ 2021។

តាមការបញ្ជាក់ពីលោកស្រី សម វិចិត្រ នាយខណ្ឌស្តីទីរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឲ្យដឹង នៅព្រឹកថ្ងៃទី 23 ខែមេសានេះថាមន្ត្រីជលផលខេត្តស្ទឹងត្រែងបានសហការជាមួយនឹងអង្គការអភិរក្សសត្វផ្សោត wwf ក្រោយពីទទួលបានព័ត៌មានពីឆ្មាំទន្លេនិងសហគមន៍បានរាយការណ៍ថាមានករណីសត្វផ្សោតមួយក្បាលបានស្លាប់បណ្ដែតទឹកក្នុងទន្លេមេគង្គទើរក្នុងគុម្ពោតព្រៃនៅចំណុចខាងលើនោះ ក្រោយចុះធ្វើការពិនិត្យ ដោយឃើញថាសត្វផ្សោតមួយក្បាលដែលស្លាប់នោះគឺជាផ្សោតដែលមានវ័យចំណាស់ វាមានអាយុប្រហែល 20 ឆ្នាំហើយ ក្នុងករណីស្លាប់នេះ មិនជាប់ពាក់ព័ន្ធទៅនឹងការដាក់មងរបស់អ្នកនេសាទនោះទេ។ តាមការសង្កេតរបស់ជំនាញឃើញថាសត្វផ្សោតនោះធ្មេញរបស់វាបានសឹករេចរឹលអស់ទៅហើយ មាឌរបស់វារាងស្គមមានទម្ងន់ជាង 100 គីឡូក្រាមប្រវែងរបស់វាមួយម៉ែត្រពីរតឹក។លោស្រី នាយខណ្ឌស្ដីទីរដ្ឋបាលជលផលខេត្តបានបញ្ជាក់បន្ថែមថា នៅក្នុងកំឡុងនៃការស្លាប់របស់សត្វផ្សោតខាងលើនោះប្រហែលមានរយៈពេល 5 ថ្ងៃទៅ 7 ថ្ងៃមកហើយ ដោយយើងមើលឃើញថាសាច់របស់វាមានសភាពស្អុយរលួយ ម្យ៉ាងវិញទៀតគេមិនអាចកំណត់បានថាសត្វសោតដែលស្លាប់មួយនេះគឺជាផ្សោតញីឬក៏សត្វផ្សោតឈ្មោលនោះទេ ។ រីឯអ្នកវិទ្យាសាស្រ្តក៏ដូចជាជំនាញខាងអង្គការ wwf មិនអាចធ្វើការកំណត់ថាសត្វផ្សោតញីឬសត្វផ្សោតឈ្មោលបានឡើយ គេត្រឹមអាចកំណត់ថាវាមានវ័យចំណាស់ប្រហែល 20 ឆ្នាំដោយសារគេបានដាក់លេខកូដនៅជាប់នឹងខ្លួនរបស់សត្វផ្សោតនោះ។

ចំណែកការសន្និដ្ឋានជាបឋមបានបង្ហាញថាមូលហេតុធ្វើអោយសាប់ផ្សោតមួយក្បាលខាងលើនោះបានស្លាប់អាចបណ្ដាលមកពីវាមានវ័យចំណាស់នឹងអាចមានជំងឺ។ បន្ទាប់ពីមន្ត្រីជំនាញរបស់យើងបានចុះទៅពិនិត្យរួចហើយ គ្រោងឆ្អឹងរបស់សត្វផ្សោតត្រូវបានអាជ្ញាធរឃុំព្រះរំកិលសូមរក្សាទុកនៅទីនោះតែដោយឡែកចំពោះសាច់សត្វផ្សោតត្រូវបានមន្ត្រីជំនាញឲ្យសហគមន៍យកទៅកប់ចោល។

សុំបញ្ជាក់ដែលថាបើយោងតាមរបាយការណ៍ពីអង្គការ wwf បានបង្ហាញតួរលេខថា សត្វផ្សោតនៅក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងក្នុងឆ្នាំ 2018 សត្វផ្សោតបានស្លាប់ចំនួន 5ក្បាលនៅឆ្នាំ 2019 សត្វផ្សោតបានស្លាប់ចំនួន 8 ក្បាលឆ្នាំ 2020 សត្វផ្សោតបានស្លាប់ចំនួន 9 ក្បាល នៅក្នុងឆ្នាំ 2021នេះសត្វផ្សោតបានស្លាប់ចំនួន 4 ក្បាល ហើយចំណែកសត្វផ្សោតដែលរស់រានមានជីវិតនៅលើទឹកដីនៃខេត្តស្ទឹងត្រែងមានចំនួនប្រមាណ 31ក្បាល ទៅ 36 ក្បាលដែលបានរស់នៅសព្វថ្ងៃនេះ។(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង