អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះដោះស្រាយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់
TNM(ខេត្តបន្ទាយមានជ័យ) ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះដឹកនាំ
អាជ្ញាធរក្រុង សង្កាត់ មេបញ្ជាការ និងកងកម្លាំងទាំង៣ប្រភេទ ក្នុងកិច្ចការជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងនោះបានផ្តល់ឈើ សង្ក័សី សម្ភារៈជូនកងកម្លាំង និងម្ចាស់ផ្ទះ បានទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ បានផ្ទះសម្បែងសមរម្យឡើងវិញ។
តាមរបាយការណ៍សង្កាត់ឲ្យដឹងថា ចំនួនខូចខាតធ្ងន់ស្រាល ប្រមាណ ៤២ ខ្នងផ្ទះ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះ បានសម្តែងមនោសញ្ចេតនានៃការសោកស្តាយ ជាមួយបងប្អូនគ្រប់គ្រួសារទាំងអស់ ដែលទទួលរងគ្រោះខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងដ៏មានតម្លៃ ។
ឯកឧត្តម សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីបង្ករជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង៕