បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ បានចេញសារភាពកំហុស ធ្វើកិច្ចសន្យា និងត្រូវបានផាកពិន័យម្នាក់ៗ៥លានរៀល

TNM(ភ្នំពេញ)៖ បុរស២នាក់ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រា១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានសារភាពកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចផាកពិន័យក្នុងម្នាក់៥លានរៀល ក្រោយត្រូវបានឃាត់ខ្លូន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានផ្លូវការ TNM News ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូប ដែលបានបើករថយន្តឡាយផឹកស្រាបៀរ ដែលល្មើសទៅនឹងមាត្រា១០ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩ (បទមិនគោរពវិធានការរដ្ឋបាល ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល។

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅបុរសទាំងពីរនាក់ឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ដែលមានឈ្មោះ ហួ ធឹម អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត និងអ្នករួមដំណើរមានឈ្នោះ ពិន នាត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានថតឡាយវីដេអូក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរដែលបំពានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលនេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ។

រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលើ បានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដើម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពើមបែបនេះទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង