ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី ជាសិក្ខាកាមចំនួន៤៤នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រៀបចំវគ្គដោយឯកឧត្តម ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន, ឯកឧត្តម ឃុត ចាន់ដារ៉ា បានធ្វើការថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជននេះគឺជា ជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តម ក៏បានបន្ថែមផងដែរថា ដើម្បីអនុវត្តការងារបណ្តុះបណ្តាលនេះ ឱ្យទទួលបានផ្លែផ្កាប្រសើរ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ក៏គ្រោងនឹងរៀបចំវគ្គបំពាក់បំប៉នជាបន្តបន្ទាប់ថែមទៀត ជូនគ្រូបង្គោលគណៈចលនាមហាជន ក្រោមប្រធានបទផ្សេងៗ ទៅតាមបរិបទ និងសភាពការណ៍នយោបាយថ្មីៗជាក់ស្តែងនាពេលខាងមុខ ក្នុងនោះ សិក្ខាកាមដែលមានវត្តមាននៅនេះ ក៏នឹងមានតួនាទីសំខាន់ ជាគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលបន្តទៅមន្រ្តីគណបក្សថ្នាក់ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ជាបន្តបន្ទាប់ផងដែរ។
សូមបញ្ជាក់ថា នេះជាវគ្គទី២ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជន ដែលមានសិក្ខាកាមអញ្ជើញមកពីខេត្តតាមតំបន់ឦសាន្ត រួមមាន៖ ៖ មណ្ឌលគិរី រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង សរុបប្រមាណជា ៤៤ រូប៕ #កអក