ទទួលទានគ្រឿងស្រវឹងហួសប្រមាណ គឺជាបញ្ហាសុខភាពសាធារណៈចំបងមួយនៅទូទាំងសាកលលោក

តើសុរាផ្តល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាល និងប្រព័ន្ធប្រសាទ?
ការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចំបងមួយនៅទូទាំងសាកលលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវអោយសំរាន្តពេទ្យ និងនាំអោយខាតបង់ដល់សេដ្ធកិច្ចគ្រួសារ និងសង្គមជាតិ។
ការប្រើប្រាស់គ្រឿងស្រវឹងអាចបង្ករជាផលវិបាកស្រួចស្រាវ និងរ៉ាំរ៉ៃលើរចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។
១. តើជាតិអាល់កុលអាចប៉ះពាល់ទៅលើកោសិកាខួរក្បាលដោយរបៀបណា?
ពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹង កោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើអោយអ្នកទទួលទានមានអារម្មណ៏ល្ហែល្ហើយមួយគ្រា តែវា បណ្តាលអោយកោសិកាខួរក្បាល យើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតា បន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងគំហើញ ( ស្រវាំងភ្នែក) និយាយត្រដិត ដំណើរទ្រេតទ្រោត និងអាចរហូតដល់បាត់បង់ស្មារតី។
ការទទួលទានជាប្រចាំនឹងអាចធ្វើអោយអន់ថយមុខងាររបស់កោសិកាខួរក្បាល រាប់តាំងពីការភ្លេចភ្លាំង រហូតវង្វេងវង្វាន់ស្មារតី។
២. តើសារជាតិអាល់កុលអាចបង្ករជាជំងឺប្រព័ន្ធប្រសាទអ្វីខ្លះ?
ប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងបញ្ហាខួរក្បាលធ្ងន់ធ្ងរ
– ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ( Stroke)
-ជំងឺខ្សោយការចងចាំ ឬជំងឺវង្វេង
-ស្វិតទំហំខួរក្បាល
-អាចជំរុញ ឬអាចបង្កអោយមានបញ្ហាសុខភាពផ្លូវចិត្ត
-ថយចុះប្រសិទ្ធភាពនៃបំណិនការងារ ការសម្របសម្រួល និងការគ្រប់គ្រងខ្លួនឯង
-រំខានការសំរាន្ត និងការសម្រេចចិត្ត
-ខូចខាតដំណើរការមេតាបូលិករបស់កោសិការប្រព័ន្ធប្រសាទ
ក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចអោយប្រឈមនឹងជំងឺប្រកាច់ ជំងឺឆ្លងក្នុងខួរក្បាល និងគ្រោះថ្នាក់ក្បាលដោយការដួលប៉ះទង្គិច។
៣. តើយើងអាចព្យាបាលបញ្ហាខួរក្បាលដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងបានដោយរបៀបណា?
ជាបថមគឺការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងគ្រប់បែបយ៉ាងទាំងអស់ ដើម្បីទប់ស្កាត់ការវិវត្តន៏ទៅមុខរបស់ការខូចខាតកោសិកាខួរក្បាល។
ត្រូវជួបគ្រូពេទ្យជំនាញដែលអាចផ្តល់ការប្រឹក្សាយោបល់ និងណែនាំពីវិធីសាស្រ្តក្នុងការបញ្ឈប់ និងជូនការព្យាបាលដោយឱសថក្នុងករណីចាំបាច់។
សូមការពារខ្លួនអ្នកពីពិការភាព ក៏ដូចជាពីការចុះខ្សោយនៃបញ្ញាស្មារតីដោយកុំទទួលទានគ្រឿងស្រវឹង៕ មន្ទីរពេទ្យកាល់ម៉ែត
អត្ថបទដែលជាប់ទាក់ទង