រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តំបន់ក្រហមគឺបិទខ្ទប់មិនឲ្យចេញពីលំនៅឋានឡើយ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តំបន់ក្រហមគឺបិទខ្ទប់មិនឲ្យចេញពីលំនៅឋានឡើយ ដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែលចាំបាច់បំផុត ។

លោក ម៉េត មាសភក្តី អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ ខ្ទប់ជាតំបន់ក្រហម ដែលបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់ របស់ខ្លួន លើកលែងតែការ ធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ដូសទី២ ប៉ុន្តែនៅទីតាំងជិតបំផុតនៅក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ លោក បានបន្តថាតំបន់ក្រហមនេះ ហាមឃាត់ដាច់ខាតរាល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែង តែការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច អនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយ នូវលិខិតបញ្ជាបេសកកម្មនិងការធ្វើដំណើរដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយ គ.ប.ខ. ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្មដែលចេញដោយ គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ.និង ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល ទាំងរដ្ឋ និងឯកជនដោយរួមទាំងផ្នែកឱសថស្ថាន ដោយមានលិខិត អនុញ្ញាតចេញដោយក្រសួងសុខាភិបាល ទើបពួកគាត់អាចធ្វើដំណើរបាន។

សំឡេង៖« តំបន់បិទខ្ទប់និងតំបន់ក្រហមមានភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែខុសគ្នាត្រង់តែតំបន់ក្រហម មាន ការរឹតបន្តឹង នៃការធ្វើដំណើរខ្ពស់ជាងតំបន់បិទខ្ទប់ ។ តំបន់ក្រហមបងប្អូនប្រជាពលរដ្ឋ យើងមិន អាចធ្វើដំណើរចេញពីផ្ទះបានទេ ហើយតំបន់បិទខ្ទប់បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរបានខ្លះក្នុងករណីចាំបាច់ ។ចំណែកតំបន់ក្រហមប្រជាពលរដ្ឋមិនអាចចេញពីផ្ទះបានទេ លើកលែងចាំបាច់បំផុត ដូចជាមានជំងឺឬឆ្លងទន្លេ ទៅពេទ្យ ចេញទាំងយប់ឬទៅយកវត្ថុសំណាកអាហ្នឹង អនុញ្ញាតចេញបាន ប៉ុន្តែមិនអាចចេញពីក្រៅតំបន់ក្រហមបានទេ យើងនឹងមាន និតិវិធីបន្ថែមទៀតសំខាន់បំផុត ។ ក្រៅពីនេះតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញរបស់យើងទាំងមូល យើងអាចធ្វើដំណើរដោយ មានប័ណ្ណ លិខិតអនុញ្ញាត ចេញដោយពីរដ្ឋបាលរាជធានីភ្នំពេញឬខណ្ឌទាំង១៤ ដើម្បីសម្រួលបងប្អូន ប្រជាពលរដ្ឋ ដែលមានភាពចាំបាច់ក្នុងច្រកខណ្ឌរបស់ពួកគាត់ ។ អ៊ីចឹងអ្នកធ្វើដំណើរដោយមិនមានប័ណ្ណ ប៉ុន្តែគាត់មានភាពចាំបាច់ ដូចជាមន្ត្រីរាជការដែលបានបម្រើស្ថាប័នរដ្ឋប្រធានអង្គភាពបានជ្រើសរើសរួចហើយ បុគ្គលម្នាក់នេះជាបុគ្គលសំខាន់ ក្នុងអង្គភាពគាត់គ្រាន់តែភ្ជាប់លិខិត បេសកកម្ម និងកាតមន្ត្រីរាជការ ពួកគាត់អាចធ្វើដំណើរបាន»។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចកំណត់ តំបន់ក្រហមមួយចំនួននៅភ្នំពេញ ក្នុងនោះមាន សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងភូមិ ៤ ភូមិ១៦ ព្រមទាំងភូមិ៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ជា «តំបន់ក្រហម»៕

អត្ថបទដែលជាប់ទាក់ទង