រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

 TNM(ខេត្តកំពង់ចាម) ៖​ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួនទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម មាន១០ក្រុង-ស្រុក ឃុំ-សង្កាត់១០៩ ស្មើនឹងភូមិចំនួន៩១៦។ ដោយសារកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្ត្រ រដ្ឋបាលឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការលុបភូមិ និងស្នើសុំកាត់ចេញ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ រួមមាន៖ ការស្នើសុំបង្កើតភូមិថ្មី ចំនួន០៧ភូមិ ភូមិដែលស្នើសុំបំបែក ចំនួន៤១ភូមិ ភូមិស្នើសុំលុប ចំនួន០៨ និងភូមិស្នើសុំកាត់ចេញ ចំនួន០២ភូមិ៕
អត្ថបទដែលជាប់ទាក់ទង