អភិបាលខេត្តត្បូងឃ្មុំ បន្តផ្តល់ជូនស្បៀងអាហារ ថវិកា និងជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពលើសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីខេត្តមួយទៅខេត្តមួយ
TNM(ត្បូងឃ្មុំ) ៖ ក្នុងឳកាសសំណេះសំណាល បន្តផ្តល់ស្បៀងអាហាររួមមានមី ១២០កេស ទឺកសុទ្ធ១២០កេស អង្ករ២៤បេ និងថវិកា៣លាន៥០ម៉ឺនរៀល ដល់អាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ, ស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកមេមត់, ស្រុកពញាក្រែក និងស្រុកអូររាំងឪ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេងៗ ត្រូវបន្តអនុវត្តឲ្យបានម៉ើងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសការធ្វើដំណើរចេញ-ចូល ខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបន្តថា ជាមួយនឹងការរឹតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃដែលមានភូមិផងក្បែរគ្នា បើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឲ្យអាជ្ញាធរមូលដ្នាន បញ្ជាក់ឲ្យបានច្បាស់លាស់។ បន្ថែមពីនេះអាជ្ញាធរភូមិ/ឃុំ ក៏ត្រូវតាមដានជាប់ជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួន ដោយត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃជាបន្ទាន់។
ដោយឡែកជុំវិញការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានមានប្រសាសន៏កោតសរសើរចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានចូលរួមអនុវត្តគ្រប់គ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺអនុវត្តតាមការវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធាន <<៣កុំ និង៣ការពារ>>។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញនិងក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបន្តអនុវត្តឲ្យបានម៉ើងម៉ាត់បំផុត រាល់វិធានការនានាដែលបានដាក់ចេញ ដោយសហការឲ្យបានល្អជាមួយមន្រ្តីប្រចាំការតាមព្រំប្រទល់នីមួយៗ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដែនពីខេត្តត្បូងឃ្មុំ ទៅខេត្តផ្សេង និងពីខេត្តផ្សេង ចូលមកកាន់ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសទាំងមូល៕