ក្រសួងសាធារណការចេញសេចក្តីណែនាំ៤ចំណុចដល់មន្ត្រីក្រោមឱវាទក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងបំរាមគោចរ
TNM(ភ្នំពេញ) ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីណែនាំ លេខ ០១៨ សណន.សក.រប ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ចំនួន៤ចំណុចស្តីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ក្នុងអំឡុងពេលនៃការអនុវត្ត វិធានការបិទខ្ទប់ និងបំរាមគោចររបស់រាជរដ្ឋាភិបាល។
សេចក្តីណែនាំបានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន ឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទទាំងមេត្តាជ្រាបថា ដើម្បីចូលរួមអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានី និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីធានានិរន្តរភាពការងារចាំបាច់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមណែនាំដល់ឯកឧត្តម-លោកជំទាវ និងអង្គភាពក្រោមឱវាទទាំងអស់ត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ រាជរដ្ឋាភិបាលខាងលើ ព្រមទាំងយន្តការចាំបាច់របស់ក្រសួង ដែលរួមមានដូចខាងក្រោម ៖
១ – គ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មន្ត្រីរាជការ ដែលត្រូវមកប្រចាំការ និងបំពេញការងារចាំបាច់ត្រឹមកម្រិតពីរភាគរយ (២%) ប៉ុណ្ណោះ និងត្រូវអនុវត្តន៍គោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹកន្លែងបំពេញការងារ។ ចំពោះបុគ្គលិក មន្ត្រីរាជការផ្សេងៗទៀត ដែលពីទទួលបានការចាត់តាំងឲ្យមកប្រចាំការ ត្រូវបំពេញការងារមកពីផ្ទះតាមរយៈប្រព័ន្ធអនឡាញ តាមការប្រគល់ភារកិច្ចពីប្រធានអង្គភាពសាមីនីមួយៗ។
២ – ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការ ដែលត្រូវមកបំពេញការងារចាំបាច់តាមការចាត់តាំង ត្រូវមានលិខិតបញ្ជាបេសកកម្ម ត្រូវចុះហត្ថលេខាដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឬ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការ។ ការកំណត់បែបបទ និងរបៀបរបបសម្រាប់ការផ្តល់លិខិតបញ្ជាបេសកកម្មជូនថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការក្រោមឪវាទ(២%) ត្រូវអនុវត្តដូចខាងក្រោម ៖
– ចំពោះ ឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ត្រូវចុះហត្ថលេខាដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនផ្ទាល់។
– ចំពោះថ្នាក់អគ្គនាយកដ្ឋាន/អគ្គាធិការដ្ឋាន និងបុគ្គលិកមន្ត្រីរាជការប្រចាំការ (២០%) ត្រូវចុះហត្ថលេខាដោយ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការរដ្ឋបាល។
៣ – នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋធំមន្ត្រី និងអគ្គនាយករដ្ឋបាល និងហិរញវត្ថុ ត្រូវទទួលបន្ទុកពិនិត្យលើការស្នើសុំ ការសម្របសម្រួល និងការផ្តល់ជូនលិខិតបញ្ជាបេសកកម្ម ដល់ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការដែលត្រូវមកប្រចាំការនូវតាមអង្គភាពក្រោមឱវាទក្រសួង ដោយមិនឲ្យលើសពីរភាគរយ (២%) នៃចំនួនដែលបានកំណត់ខាងលើ។ លិខិតបញ្ជាបេសកកម្មនេះត្រូវប្រើប្រាស់ក្នុងគោលបំណងសម្រាប់តែការធ្វើដំណើរពីលំនៅដ្ឋាន មកកាន់ក្រសួងដើម្បីបំពេញការងារតាមការចាត់តាំងចាំបាច់តែប៉ុណ្ណោះ។
៤ – ទាំងបុគ្គលិកមន្ត្រីរាជការដែលមកប្រចាំការនៅអង្គភាពនានា និងបុគ្គលិកមន្ត្រីរាជការដែលបំពេញការងារពីផ្ទះ ត្រូវបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថាភាពសុខភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃតាមរយ: http:/trace, covid-19,mpwt.gov.kh ឬស្កែន QR Code ដែលបាននិងកំពុងអនុវត្តកន្លងមក រួមទាំងការថែរក្សាសុខភាពអនាម័យតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ ៣ការពារ ៣កុំ ហើយត្រូវណែនាំឲ្យសមាជិកក្រុមគ្រួសារឲ្យនៅក្នុងផ្ទះកចេញក្រៅ បើគ្មានការចាំបាច់ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងបំរាមគោចរដូចបាកំណត់ក្នុងសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល៕