ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋកាត់បន្ថយប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី

រាជធានីភ្នំពេញ៖​​ ក្រសួងបរិស្ថាន សូមអំពាវនាវដល់សាធារណជន ព្រះសង្ឃគ្រប់ព្រះអង្គ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារថែរក្សា បរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងទុកដាក់សំរាម សំណល់រឹងនៅទីប្រជុំជន ជាពិសេស នៅក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ…។  ក្រសួងបរិស្ថាន បានគូសបញ្ជាក់កាលពីយប់ថ្ងៃទី២៧មីនាថា​​ ការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ដែលនឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ ក្នុងន័យនេះ ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងចលនាស្អាត នឹងអនុវត្តតាមសេចក្តីណែនាំរួមមាន៖ ធ្វើការបោសសម្អាតសំរាម សំណល់រឹងតាមមុខលំនៅឋាន និងយកទៅដាក់ក្នុងធុងសំរាមនៅតាមទីសាធារណៈឱ្យបានត្រឹមត្រូវ ធ្វើការទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ហើយរង់ចាំបញ្ចេញសំណល់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។​​​ មិនត្រូវចោលសំរាម សំណល់រឹង ចូលក្នុងប្រភពទឹកនានា ឬដុតនៅតាមទីសាធារណៈឡើយ។ ក្រសួងបរិស្ថានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់អាជីវកម្ម និង សេវាកម្មទាំងអស់ នឹងចូលរួមជាមួយក្រសួងបរិស្ថានតាមការអំពាវនាវនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងមនោសញ្ចេតនាស្រឡាញ់ និងថែរក្សាបរិស្ថានកម្ពុជាយើងឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព។  ក្រសួងបរិស្ថាន សូមថ្លែងអំណរព្រះគុណ អរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅថ្វាយប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ៧,២លានអង្គ-នាក់។ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនានៃភាពស្អាត និងបានធ្វើឱ្យប្រទេសកម្ពុជាយើងទទួលបានបរិស្ថានស្អាតទូទាំងប្រទេសគួរជាទីមោទនៈ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង