ទោះតម្លៃម្រេចមិនបានថ្លៃដូចកាល១០ឆ្នាំមុន តែបងប្អូនកសិករមណ្ឌលគិរីនៅតែបន្តដាំ
ខេត្តមណ្ឌលគិរី ៖ ទោះបីតម្លៃម្រេចមិនអាចប្រៀបដូចកាល១០ឆ្នាំមុន តែម្ចាស់ចម្ការជាច្រើននាក់នៅខេត្តមណ្ឌលគិរី នៅតែបន្តដាំនិងថែទាំម្រេចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត ។ ហើយខ្លះទៀត បានបោះបង់ចោលព្រោះមិនអាចទប់ថ្លៃចំណាយបាន ដោយពួកគាត់ផ្លាស់ប្ដូរដាំប្រភេទដំណាំថ្មីផ្សេងវិញ ។ កសិកររស់នៅក្រុងសែនមនោរម្យបានឱ្យដឹងថា កាលអំឡុងឆ្នាំ២០១១រហូតដល់២០១៤ តម្លៃម្រេចពិតជាបានថ្លៃខ្លាំងណាស់ ពោលគឺមួយគីឡូក្រាមថ្លៃប្រមាណ៣.៨០០០៛ ទៅជាង៤០០០០៛ឯណោះ ហើយពេលនោះក៏មានចលនាដាំម្រេចភ្លូកទឹកភ្លូកដីផងដែរ ។ កសិករដដែលបន្តថា ការសប្បាយរីករាយរបស់ប្រជាកសិករដាំម្រេចមិនបានប៉ុន្មានផង តម្លៃម្រេចបានធ្លាក់ចុះថោកបន្តិចម្ដងៗឮរហូតមិនអាចទូទាត់ថ្លៃដើមបានទើបបណ្តាលឱ្យម្ចាស់ចម្ការខ្លះសម្រេចចិត្តទុកចម្ការម្រេចរបស់ខ្លួនចោល មិនថែទាំឬដាក់ជីបំប៉នឡើយ ព្រោះតែការខាតបង់ច្រើន ។ បន្ទាប់ពីមានការបោះបង់ចម្ការម្រេចចោលខ្លះ ធ្វើឱ្យតម្រូវការម្រេចចាប់ផ្តើមមានសន្ទុះឡើងវិញ ឯតម្លៃក៏កើនបន្តិចម្ដងៗនាំឱ្យប្រជាកសិករដែលមិនព្រមបោះបង់ចម្ការម្រេចរបស់ខ្លួនមានក្ដីសង្ឃឹមខ្ពស់ក្នុងការដាំដុះបន្ថែមនិងបង្កើនការថែទាំពេញដៃពេញជើងតែម្ដង។ យោងតាមព័ត៌មានដែលកោះសន្តិភាពទទួលបានពីម្ចាស់ចម្ការម្រេចនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី០៤ មីនា ២០២៤ តម្លៃម្រេចស្ងួតទទួលបានថ្លៃ១.៥៥០០៛ក្នុងមួយគីឡូក្រាម ។ ដែលតម្លៃនេះពួកគាត់បានចំណេញខ្លះ ក្រោយទូទាត់ជាមួយថ្លៃចំណាយនានា ដូចជាទិញប្រេងបូមទឹក ទិញជីបំប៉ន ទិញថ្នាំការពារសត្វល្អិត និងថ្លៃពលកម្ម ។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៤ ផ្ទៃដីដាំម្រេចមានចំនួន១៤៥ហិកតា ក្នុងនោះ ខេត្តមណ្ឌលគិរីក៏មានម្រេចសេរីរាង្គនាំចេញទៅកាន់បរទេសផងដែរ ។ សម្រួលដោយ ទៀង បុណ្ណរី