ក្រសួងធនធានទឹក៖ ភ្លៀងកក់ខែនៅតែបន្តធ្លាក់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២មីនា
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងឱ្យថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី១៥ទៅ៣០ភាគរយចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤…។ ក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ជ្រលងសម្ពាធទាបនៅតែបន្តមានឥទ្ធិពលចាប់ពីឈូងសមុទ្ទបេងហ្គាល និងលើឈូងសមុទ្ទថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា និងសម្ពាធខ្ពស់នៅសមុទ្ទចិនខាងត្បូងបានថមថយឥទ្ធិពល ខណៈដែលខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យម អប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្ដប់លើផ្ទៃដី២០ភាគរយ និងមានខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ ចំពោះ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម ដោយឡែកនៅខេត្តកំពង់ស្ពឺនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ ខ្យល់បក់មកពីទិសបូព៌មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ រីឯតំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ ខ្យល់បក់មកពីទិសនិរតី មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទីរលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រុងប្រយ័ត្នក៏ដូចជាថែរក្សាសុខភាពផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី