តើប្រភេទអាជីវកម្មអ្វីខ្លះ ត្រូវបានអនុញ្ញាតឱ្យដំណើរការកំលុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

TNM(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងមានការរីករាលដាលខ្លាំងនើ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ វិធានការបិទខ្ទប់នេះ បានដាក់ចេញវិធានការដោយមិនអនុញ្ញាតឱ្យពលរដ្ឋចេញពីផ្ទះ ហើយដំណើរអាជីវកម្មនានា ក៏ត្រូវបានហាមឃាត់ដំណើរការផងដែរ។

តែក្នុងមានប្រភេទអាជីវកម្មមួយចំនួន ត្រូវបានអនុគ្រោះឱ្យបន្តដំណើរការ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀង និងបំពេញតម្រូវការចាំបាច់នៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ខាងក្រោមនេះ ជាសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាតឱ្យដំណើរ៖

* សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ ប៉ុន្តែប្រធានស្ថាប័នសាមីត្រូវកាត់បន្ថយចំនួនអ្នកធ្វើការ ឱ្យមកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២% និងត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់ នៅហ្នឹងកន្លែងបំពេញការងារ ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ការធ្វើដំណើររបស់មន្ត្រី នៃស្ថាប័នសាធារណៈសម្រាប់គោលបំណងនេះ ត្រូវភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និង លិខិតបញ្ជាបេសកកម្មដែលចេញដោយស្ថាប័នសាមី។ ប្រធានស្ថាប័នសាមី ត្រូវសម្រេចផ្អាកការងារ ដែលមិនចាំបាច់ជាបណ្តោះអាសន្នក្នុងអំឡុងពេលបិទខ្ទប់ និងត្រូវណែនាំតាមការជាក់ស្តែង ដើម្បី អាចឱ្យមន្ត្រីបំពេញការងារពីចម្ងាយ ឬតាមរយៈប្រព័ន្ធអនឡាញ។

* សកម្មភាពការងាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង មន្ត្រីនិងបុគ្គលិកសុខាភិបាល ត្រូវដំណើរការស្របតាមការចាំបាច់ និងតាមការកំណត់របស់ប្រធាន ស្ថាប័ននីមួយៗ។

* រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារៈបរិក្ខាពេទ្យ រួមទាំងម៉ាស អាកុល និងអុកស៊ីសែន។

* រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយ រួមទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

* សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាទឹកស្អាត, សេវាកំពង់ផែ, សេវាប្រមូល និងដឹក ជញ្ជូនសំរាម-សំណល់រឹង ជាដើម។ ចំពោះសេវាផ្គត់ផ្គង់អគ្គិសនី, សេវាទឹកស្អាត និងសេវាកំពង់ផែ ប្រធានស្ថាប័នសាមីត្រូវកាត់បន្ថយចំនួនអ្នកធ្វើការនៅការិយាល័យឱ្យមកនៅត្រឹមកម្រិតអប្បបរមា មិនឱ្យលើសពី ២% និងត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ លើក លែងតែបុគ្គលិកឬមន្ត្រីទទួលបន្ទុកខាងផ្នែកប្រតិបត្តិការ និងសង្វាក់ផលិតកម្ម ដែលត្រូវបំពេញ ការងារជាប្រក្រតីធម្មតា។ ការធ្វើដំណើររបស់មន្ត្រី ឬបុគ្គលិកដើម្បីបម្រើឱ្យសេវាទាំងនេះ ត្រូវភ្ជាប់ ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្មដែលចេញដោយស្ថាប័នសាមី។

* រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ ដោយត្រូវកាត់ បន្ថយចំនួនអ្នកធ្វើការឱ្យមកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២% និងត្រូវអនុវត្តគោលការណ៍ អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ។

* ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ផ្សារលក់ដុំផ្សារឬទីតាំងលក់ដូរ គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ-ហ្គាស, ទីតាំងលក់ហ្គាស, ឬទីតាំងផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ចំពោះ ផ្សារ ឬទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគ ភោជនីយដ្ឋាន-អាហារដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចដែល អនុវត្តវិធានការបិទខ្ទប់ត្រូវធ្វើការត្រួតពិនិត្យ និងសម្រេចអនុញ្ញាត ទៅតាមការជាក់ស្តែងដោយផ្អែក ទៅលើតម្រូវការចាំបាច់នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។

* ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ ត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២% និង ត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ លើកលែងតែសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថស្ថាន ដែលត្រូវដំណើរការជាប្រក្រតីធម្មតា។

* សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ ប៉ុន្តែ ត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិត អប្បបរមាមិនឱ្យលើសពី ២% និងត្រូវអនុវត្តគោលការណ៍អាហារ និងការស្នាក់នៅនៅហ្នឹងកន្លែង បំពេញការងារ លើកលែងតែសណ្ឋាគារដែលបម្រើឱ្យការធ្វើចត្តាឡីស័ក ដែលចំនួនបុគ្គលិកអប្បបរមា និងពេលម៉ោងធ្វើការរបស់បុគ្គលិក ត្រូវកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការ បិទខ្ទប់។

* សេវាកម្មដឹកជញ្ជូនម្ហូបអាហារឬគ្រឿងឧបភោគបរិភោគ ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបាន បិទខ្ទប់។ សកម្មភាពនៃការដឹកជញ្ជូននេះ មិនត្រូវបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនមនុស្សឡើយ។

* សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យ វិស័យសង្គម-សេដ្ឋកិច្ចនៃប្រទេស។ សកម្មភាពនៃការដឹកជញ្ជូននេះ មិនត្រូវបានអនុញ្ញាតឱ្យមាន ការដឹកជញ្ជូនមនុស្សឡើយ។

* ចំពោះការគ្រប់គ្រង និងថែរក្សាឃ្លាំងស្តុកទំនិញ ឬគ្រឿងឧបភោគបរិភោគ ត្រូវបានអនុញ្ញាតឱ្យមាន បុគ្គលិកប្រចាំការក្នុងចំនួនអប្បបរមា និងត្រូវអនុវត្តគោលការណ៍អាហារ និងការស្នាក់នៅនៅហ្នឹង កន្លែងបំពេញការងារ។

* ការដឹកជញ្ជូនបុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែង សម្រាកព្យាបាល ដោយមានការអនុញ្ញាត និងការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

* រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់ រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំង ត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក៏បានចេញសេចក្តីណែនាំមួយបន្ថែមទៀត ដល់ម្ចាស់រោងចក្រ សហគ្រាសដែលផ្តល់ការអនុគ្រោះឱ្យដំណើរការអាជីវកម្មនេះ ត្រូវបញ្ជូនឈ្មោះបុគ្គលិកសុំលិខិតបញ្ជាក់ពីអាជ្ញាធរសាលារាជធានី និងសាលាខណ្ឌទាំង១៤ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បុគ្គលិក។

ដើម្បីសម្រួលការធ្វើដំណើររបស់បុគ្គលិក កម្មករ និយោជិត រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំយ៉ាងដូច្នេះ៖

១៖ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនីនៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២៖ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី៕

អត្ថបទដែលជាប់ទាក់ទង