ការបើកបរលើសល្បឿនកំណត់នៅតែជាមូលហេតុចម្បង បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ ដែលស្មើនឹង ៤១% នៃចំនួនគ្រោះថ្នាក់សរុប

គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តជាកត្តានាំមុខ ដែលឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។ យោងតាមរបាយការណ៍ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ របស់នាយកដ្ឋាននគរបាលចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណៈ មូលហេតុចម្បងបណ្តាលឱ្យមានគ្រោះថ្នាក់គឺ “ការបើកបរលើសល្បឿនកំណត់” ដែលមានអត្រាដល់ទៅ៤១%។ សូមជម្រាបជូនថាក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍សរុបមាន ៣ ៣១៧ ករណី ដែលកើនឡើង ៣៤១ករណី ខណៈចំនួនអ្នកស្លាប់មាន ១ ៥៩០ នាក់ ថយចុះ ១១៩ នាក់ ធៀបនឹងឆ្នាំ២០២២។
តាមតួលេខខាងលើ ក្រសួង-ស្ថាប័នពាក់ព័ន្ធ មានកាតព្វកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺការធានាឱ្យមានការបើកបរ តាមល្បឿនដែលបានកំណត់ និងទាមទារឱ្យមានការចូលរួមជាចាំបាច់ពីបងប្អូនប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត។
ទន្ទឹមនឹងនេះក្រសួងក៏បានធ្វេីការសិក្សាពីការកែសម្រួលផ្លាកសញ្ញាកំណត់ល្បឿន​ និងកែសម្រួលអនុក្រឹត្យស្តីពីការកំណត់ល្បឿន​ ដែលអាចនឹងស្នេីសុំការអនុម័តពីរាជរដ្ឋាភិបាល​ ដេីម្បីដាក់ចេញឱ្យប្រេីប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ​។
សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋអ្នកបើកបរគ្រប់រូប សូមមេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេសសូមកុំបើកបរលើសល្បឿនដែលបានកំណត់ ដើម្បីបញ្ចៀសនូវសោកនាដកម្មលើដងផ្លូវ ដែលអាចនឹងក្លាយជាមច្ចុរាជឆក់យកអាយុជីវិតបានគ្រប់ពេលវេលា៕
អត្ថបទដែលជាប់ទាក់ទង