កាន់តែស្លុតចិត្តខ្លាំងពេលដែលបានស្តាប់ឪពុកកុមាររងគ្រោះរៀបរាប់លម្អិត ហេតុការណ៍កូនក្អួតឈា.ម ថប់ដង្ហើមរហូតស្លា.ប់ មុនត្រូវសាលាបញ្ជូនទៅពេទ្យ និងក្រោយមកយកទៅប្លុងចោល
ខេត្តកំពង់ធំ៖ ក្រោយផ្ទុះរឿងកុមារាម្នាក់អាយុ៤ឆ្នាំនៅខេត្តកំពង់ធំ ស្លាប់ក្នុងរថយន្តដឹកជញ្ជូនសិស្សសាលាឯកជនមួយឈ្មោះ «អន្តរជាតិកុលបុត្របញ្ញា[KIS]» ស្ថិតនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៤ ពេលនេះ ឪពុកកុមារារងគ្រោះបានផ្តល់បទសម្ភាសជាថ្មីដល់អង្គភាពសារព័ត៌មាន រៀបរាប់ពីហេតុការណ៍លម្អិតនៃស្ថានភាពកូនប្រុសដែលជាប់ក្នុងរថយន្ត មុនពេលរូបគេដាច់ខ្យល់ស្លាប់ ស្តាប់ឭហើយកាន់តែរន្ធត់ចិត្ត…។ លោក អួច យ៉េត ឪពុកកុមារា យ៉ុម រ៉ៃយ៉ា អាយុ៤ឆ្នាំ បានលម្អិតប្រាប់ តាមទូរសព្ទនៅព្រឹកនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា សភាពសពកូនប្រុសរបស់លោក ពេលត្រូវប្រទះឃើញបាត់បង់ស្មារតីជាប់ក្នុងរថយន្ត គឺមានក្អួតចេញឈាម និងរាគ ប្រៀបបាននឹងសត្វត្រដរខ្យល់ពេលត្រូវគេសម្លាប់ ក្រោយអ្នកបើកបរភ្លេចក្នុងរថយន្តប្រហែលជាង៤ម៉ោង។ លោក អួច យ៉េត រៀបរាប់បន្តទាំងអារម្មណ៍ក្តុកក្តួល និងសោកសង្រេងក្រោយបញ្ចប់ពិធីបុណ្យសពកូនប្រុសថា «កូនប្រុសរបស់លោកត្រូវបានស្លាប់ ព្រោះតែការធ្វេសប្រហែសរបស់សាលារៀនឯកជន អន្តរជាតិកុលបុត្របញ្ញា [KIS] ទុកចោលក្នុងរថយន្ត។ បើតាមខ្ញុំដឹង[..]ពេលសិស្សសាលាឯកជននោះឃើញកូនខ្ញុំ គាត់ដេកស្លាប់នៅលើឡានហ្នឹង ដោយមានក្អួតឈាម ក្អួតផង រាកផង ជាប់នៅក្នុងឡានមួយថ្ងៃហើយនោះ ទើបបាននាយកសាលាគេយកទៅពេទ្យ! គេយកកូនខ្ញុំទៅពេទ្យហើយ គេអត់មានទាក់ទងមកខ្ញុំទេ ពេលកូនខ្ញុំកើតហេតុណ៍នោះ [..] យកកូនខ្ញុំទៅពេទ្យខេត្ត ដល់ពេលគេសង្គ្រោះមិនបាន យកកូនខ្ញុំមកទុកចោលតាមផ្លូវ ឱ្យតៃកុងឡានមកបើកជំនួសឱ្យ រហូតបែករឿងដល់ប៉ូលិសប៉ុស្តិ៍ឃុំឫស្សី»។ ឪពុកកុមារារងគ្រោះរៀបរាប់បន្តថា រហូតមកដល់ថ្ងៃទី៨ ខែកុម្ភៈនេះ គឺមានតំណាងខាងសាលារៀនឯកជននោះ បានទាក់ទងមកឪពុករបស់លោកដែលត្រូវជាជីតាសពតាមទូរសព្ទ ដោយសុំមកសម្របសម្រួល។ ប៉ុន្តែយ៉ាងណា លោក និងក្រុមគ្រួសារ នៅតែទទូចស្នើសុំរកយុត្តិធម៌ ដោយចង់ឱ្យ ឈ្មោះ ឈិត សោភ័ណ្ឌ និងប្រពន្ធ ឈ្មោះ ឡុង ស៊ីណែត ជានាយកសាលា និងបើករថយន្តនៅថ្ងៃកើតហេតុ ចូលខ្លួនមកដោះស្រាយចំពោះមុខច្បាប់ ខណៈដែលប្ដីប្រពន្ធទាំងពីរនេះបាននិងកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ និងជាមនុស្សគ្មានសីលធម៌ គ្មានទំនួលខុសត្រូវក្នុងនាមជាមនុស្សរស់ក្នុងសង្គមថ្លៃថ្នូរស៊ីវិល័យមួយ ដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ឈានដល់បើកសាលាបង្រៀនសិស្ស ប៉ុន្តែបែរជាគ្មានគុណធម៌ ធ្វើឱ្យកូនរបស់លោកស្លាប់ហើយ មិនទាក់ទងប្រាប់ដំណឹងដល់អាណាព្យាបាលដែលជាឧពុកម្តាយរបស់សពឡើយ ពោលគឺសកម្មភាពបែបនេះ តើនរណាម្នាក់អាចទទួលយកបាន…? ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន បានព្យាមយាមទាក់ទងទៅកាន់សាលារៀនឯកជន «អន្តរជាតិកុលបុត្របញ្ញា[KIS]» ដើម្បីសុំការបំភ្លឺដែរ ប៉ុន្តែទាក់ទងខលមិនចូល រីឯលេខទូរសព្ទដែលបានទាក់ទងទៅគ្រួសារសព ហើយអះអាងថា ជាតំណាងនាយកសាលា រៀនឯកជន «អន្តរជាតិកុលបុត្របញ្ញា[KIS]» សុំសម្របសម្រួលនោះ ក៏អង្គភាពសារព័ត៌មាន ទាក់ទងចូលជាច្រើនលើកច្រើនសាដែរ តែគ្មានអ្នកទទួលទេ។ ដោយឡែក លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ក៏បានឱ្យដឹងតាមរយៈទូរសព្ទនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ដែរថា លោកកំពុងបន្តនីតិវិធីលើករណីខាងលើនេះហើយ មិនអាចបំភ្លឺលម្អិតបានទេ។ លោកអធិការស្រុកកំពង់ស្វាយ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំកំពុងតែបន្តនិតីវិធី ចឹងខ្ញុំមិនអាចបំភ្លឺជូនបានទេណា បញ្ហាហ្នឹង [..] ប៉ុន្តែអ្វីដែលខ្ញុំកំពុងបន្តនីតិវិធី ដើម្បីឈានទៅដល់ការឃាត់ ឬក៏ចាប់យ៉ាងណានោះ ខ្ញុំមិនអាចបំភ្លឺបានទេអាហ្នឹង ចប់នីតិវិធីរបស់ខ្ញុំសិន!»។ គួររំឭកថា កុមារា រ៉ៃយ៉ា ដែលទើបនឹងមានអាយុ៤ឆ្នាំ ត្រូវបានស្លាប់យ៉ាងអណោចអធម្ម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រោះតែការធ្វេសប្រហែសរបស់តៃកុងរថយន្តដែលជាភរិយារបស់នាយកសាលារៀនឯកជន «អន្តរជាតិកុលបុត្របញ្ញា[KIS]» ភ្លេចក្មេងទុកចោលក្នុងរថយន្តអស់រយៈពេល៤ទៅ៥ម៉ោង។ ក្នុងថ្ងៃកើតហេតុ ប្រពន្ធនាយកសាលា ឈ្មោះ ឡុង ស៊ីណែត បានបើករថយន្តមកដឹកកុមារារងគ្រោះចេញពីផ្ទះប្រហែលជាម៉ោង១២ថ្ងៃត្រង់ និងបន្តប្រមូលសិស្សតាមផ្លូវពេលត្រឡប់ទៅសាលារៀនវិញ ទម្រាំដល់សាលារៀនប្រហែលជាម៉ោង១រសៀល ទើបសិស្សទាំងអស់បានចូលរៀន។ រហូតដល់ល្ងាចម៉ោងប្រហែលជាង៤ ពេលដែលជូនសិស្សត្រឡប់មកផ្ទះវិញ ក៏បើកទ្វារមកឃើញកុមារារងគ្រោះដេកស្លាប់នៅលើរថយន្ត ហើយក្រោយមកនាយកសាលារៀននោះ បានបញ្ជូន កុមារា រ៉ៃយ៉ា ទៅមន្ទីរពេទ្យខេត្ត លុះដល់គ្រូពេទ្យសង្គ្រោះមិនបាននៅវេលាម៉ោងប្រហែល៥ៈ៣០នាទីល្ងាច ក៏យកសពកុមារារងគ្រោះរួមជាមួយរថយន្តមកប្លុងចោលតាមផ្លូវ និងបានរកអ្នកមកបើករថយន្តជំនួសតែរកមិនបាន ទើបបែករឿងភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច នៅឃុំប៉ុស្តិ៍ត្រពាំងឫស្សីតេម្តង…៕ សម្រួលដោយទៀង បុណ្ណរី