អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ត្រាក់ ចំនួន២៥ខ្នង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
TNM(ខេត្តបន្ទាយមានជ័យ) ៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អមដំណើរដោយ លោក គឹង វណ្ណៈ អភិបាលរងខេត្ត លោក អែម សុខា អភិបាលស្រុកថ្មពួក បានអញ្ជើញចុះជួយជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋ ២៥ខ្នង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ២០២១ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់សង្ក័សី ១៤៧សន្លឹក ៥១២ដុល្លា ព្រមទាំងឧបត្ថមថវិកាសំរាប់កងកម្លាំង ដែលកំពុងជួសជុលផ្ទះរងការខូចខាត ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឡើងវិញ។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុំ រាត្រី សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង៕