សាច់​បង្កក​​​ឆ្លង​ដែន​៤ឡាន​​កុងតឺន័រចាប់បាន​​​​ទៀត​​​ហើយ

ខេត្តស្វាយរៀង ៖ ឈ្មួញ​បាន​នាំ​សាច់​បង្កក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​កម្ពុជា​ចំនួន​០៤​រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ដេញ​តាម​ប្រមាញ់​ស្ទាក់ បង្ក្រាប​តែ​ម្ដង ។  បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​ចំនួន​៤​គ្រឿង សង្ស័យ​ដឹក​សាច់​បង្កក ទើប​សមត្ថ​កិច្ច​ជំនាញ ក​.​ប​.​ប ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ស្ទាក់​ឃាត់​បាន​នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៣១ មក​រា ២០២៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ក្នុងភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។  សមត្ថកិច្ច​បាន​បង្ហើប​ថា ដោយ​មាន​គេ​រាយការណ៍​ថា មាន​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្កក​ចំនួន​០៤​កុងតឺន័រ​បាន​ធ្វើ​ចរាចរណ៍​ចេញពី​ក្រុង​បា​វិត តាម​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ភូមិ​បាក់​រនាស់ ក្រុង​ស្វាយ​រៀង រួច​បត់​ស្តាំ​ឆ្ពោះទៅ​ទិស​ខាងជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ លុះ​មក​ដល់​ចំណុច​ភូមិ​អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ ពិនិត្យ​ឃើញ​ថា រថយន្ត​កុងតឺន័រ​ទាំង​០៤​គ្រឿង​ដឹក​សាច់​បង្កក​ពិតប្រាកដ​មែន ។  ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​ទាំង​០៤​គ្រឿង​នោះ ដោយ​មានការ​សម្រប​សម្រួល​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​កាត់​ស៊ី​លបើក​ទូ​កុងតឺន័រ ពិនិត្យ​បាន​រក​ឃើញ​ជើងមាន់​បង្កក​ជា​ច្រើន​ពាន់​កេះ​ក្នុង​ទូ​កុងតឺន័រ​។  ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកបើកបរ​៤​នាក់ ទី​១-​ឈ្មោះ​ផាត​ជាតិ  បើក​កុងតឺន័រ​លេខ​SZLU9415762(40) ដែល​មាន​លេខ​ក្បាល​ឡាន​ភ្នំពេញ​3E-7413 ។ ២-​ឈ្មោះ​ម៉ុំ សូត្រ បើក​កុងតឺន័រ​លេខ HMMU5490786(40)​ស្លាក​លេខ​ភ្នំពេញ​3F-0648 ។ ៣-​ឈ្មោះ​សោម រិ​ទ្ធី បើក​កុងតឺន័រ​លេខ SZLU9430540(40) រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-9610​។ ៤-​ឈ្មោះ​សេង សុវណ្ណ​ដេ​ត បើកបរ​កុងតឺន័រ​លេខ HDMU5591398(40) រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6322  ។  បើ​តាម​ចម្លើយ​សារភាព​ពី​អ្នកបើកបរ​រថយន្ត​បាន​បញ្ជាក់​ថា ទំនិញ​សាច់​បង្កក​ទាំង​អស់នេះ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ចំណុចសូន្យ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​បា​វិត រួច​ហើយ​បាន​ផ្ទេរ​ទូរ​កុងតឺន័រ​នៅ​ចំណុចសូន្យ​មក​កម្ពុជា តាម​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ហើយ​ដឹក​ទៅ​មាត់ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក​។ ហើយ​ទំនិញ​ទាំង​អស់នេះ គឺជា​របស់​ក្រុមហ៊ុន​SBL ដែល​មា​នទី​តាំងនៅ​ក្រុង​បា​វិត ។  បើ​តាម​ការ​អះអាង​របស់​ឈ្មោះ​ពេញ សា​រ៉េ​ត ម្ចាស់​ឡាន​កុងតឺន័រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ចោម​ចៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទំនិញ​ទាំង​០៤​កុងតឺន័រ​មិន​បាន​ដាក់​ឯកសារ​ដឹក​ទំនិញ​មក​ជាមួយ​តាម​ឡាន​ទេ ហើយ​រថយន្ត​នេះ​គឺ​មាន​ទិស​ដៅ​ទៅ​ច្រក​ដូង​បន្ត​ទៀត ។ មហាជន​ហួសចិត្ត​ចេះ​ឆ្លើយ​ទៅ​រួច ដឹក​សាច់​បង្កក​ចេញពី​វៀតណាម ចូល​មក​ខ្មែរ​ហើយ​ដឹក​ចូល​ទៅ​វៀតណាម​វិញ​។  បើ​តាម​លោក​ហៀ​ង ដា​រ៉ា ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ខ្លែង​បន្លំ (​ក​.​ប​.​ប )​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២២ និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ មក​រា មន្ត្រី កប​ប និង​មន្ត្រី​ពាក់ព័ន្ធ​បាន​កាត់​ស៊ី​ល​កុងតឺន័រ​ទាំង​០៤​គ្រឿង មក​ត្រួតពិនិត្យ​លទ្ធផល​៖ ១-​កុងតឺន័រ​លេខ​SZLU9430540(40) មាន​សីត​ណ្ហ​ភាព​-៥​អង្សា​សេ​(​ធៀប​និង​ស្តង់ដារ​-១២​អង្សា​សេ​)​។ ២-​កុងតឺន័រ​លេខ​SZLU9415762 (40) មាន​សីត​ណ្ណ​ហ​ភាព​-២.៩​អស្សា​សេ​(​បើ​ធៀប​និង​ស្តង់ដារ​-១២​អង្សា​សេ​)​។ ៣-​កុងតឺន័រ​លេខ HMMU5490786(40)​មាន​សីត​ណ្ហ​ភាព​-៦-៤ អង្សា​សេ (​ធៀប​និង​ស្តង់ដារ​១២​អង្សា​សេ​) ។ ៤-​កុងតឺន័រ​លេខ HDMU5591398(40) មាន​សីត​ណ្ណ​ហ​ភាព​២.៥​អង្សា​សេ​(​ធៀប​និង​ស្តង់ដារ ១២​អស្សា​សេ​)​។  ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ធ្វើការ​ពិសោធន៍​ដោយ​រថយន្ត​ចល័ត​ម្ហូបអាហារ​របស់​កប​ប ហើយជា​លទ្ធ​ផល សំណាក​ជើងមាន់​ដែល​បាន​ដក​ចេញពី​ទូ​កុងតឺន័រ​ទាំង​០៤​នេះ​ឃើញ​ថា ពុំ​មាន​សារធាតុ​គីមី ហាមឃាត់​FORMALIN​ទេ ។  ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ហៀ​ង ដា​រ៉ា ប្រធាន (​ក​.​ប​.​ប )​ខេត្ត​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ចំនួន​ទំនិញ​សាច់​បង្កក​មាន​ប៉ុន្មាន​តោន​នោះ​ទេ ដោយ​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា សូម​រង់ចាំ​បន្ត​នីតិវិធី​នៅ​ថ្ងៃស្អែក​ទៀត​។    ចំណែក​តៃកុង​រថយន្ត​៤​នាក់ និង​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ទាំង​៤​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​រថយន្ត​យក​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយ​រៀង​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង