ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាគយ និងរដ្ឋាករថ្មី នៅខេត្តកំពង់ស្ពី
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពី នៅថ្ងៃទី ៣១ខែ មករាឆ្នាំ ២០២៤ នេះថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់ព្រះរាជាណាចក្រកម្ពុជា ដូចបច្ចុប្បន្ន អាចសម្រេចបាន ដោយសារយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ គោលនយោបាយ ឈ្នះ-ឈ្នះ, ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ។ គោលនយោបាយ ឈ្នះ-ឈ្នះ បាននាំប្រទេសជាតិយើង ចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចោខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។ ឈរលើមូលដ្ឋានដ៏រឹងមាំនេះ, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការ-ដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ,ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេច បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័យបរិស្ថាន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ លើសពីនេះ, រាជរដ្ឋាភិបាល, ដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី, ក៏បានដាក់ចេញ នូវ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ ២០២៤ គឺជាឆ្នាំទី ១ នៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈគោលនយោបាយដ៏សំខាន់ សម្រាប់ការ-អភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់លាស់ និង វែងឆ្ងាយ សំដៅជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាបន្តទៀត ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ចំពោះសមិទ្ធិផលអគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញនៃវិវត្ត ផ្លាស់ប្តូរកន្លែងទីកន្លែងធ្វើការកាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើងថែមទៀត ទោះកាលទេសនៃការរៀលត្បាតជំងីកូវីដ ១៩ ក៍ដោយ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនប្រការគឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២អនុវត្តការងារជាក្រុម ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានបញ្ជាក់សមិទ្ធិផលដែលត្រូវសម្ភោធដាក់អោយប្រើប្រាស់នៅថ្ងៃនេះរួមមានអគាររដ្ឋបាល៖ ទំហំ ២០ម x ២៣ម កម្ពស់ ០២ជាន់ សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រក់ក្បឿង មានបំពាក់ម៉ាស៊ីនត្រជាក់ ១៥គ្រឿង។ អគារស្នាក់នៅ៖ ទំហំ ៣៧.៣០ម x ៧.៥ម កម្ពស់ ០២ជាន់ មាន១៦បន្ទប់ សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង មានបំពាក់ម៉ាស៊ីនត្រជាក់ ១៦គ្រឿង។ ឃ្លាំងស្ដុកទំនិញ៖ ទំហំ ៣០ម x ២០ម កម្ពស់៩.០៨៥ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកស័ង្កសី។ អាហារដ្ឋាន៖ ទំហំ ១៨.៤០ម x ៦.៤០ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។ អគារស្នាក់នៅសម្រាប់ចុងភៅ និងកម្មករ៖ ទំហំ ១២ម x ៤.៣០ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។ ប៉ុស្ដិ៍សន្តិសុខ៖ ទំហំ ៣.៥០ម x ៣.៥០ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។ រោងម៉ាស៊ីនភ្លើង៖ ទំហំ ៤ម x ៤ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។ ដងទង់ជាតិ៖ កម្ពស់ ៧.៦០ម អង្កត់ផ្ចិតបាត ៤ម ខៀនកម្ពស់ ០.៤០ម។ តសំយ៉ាបដំបូលរោងរថយន្ត៖ អំពីដែកប្រក់ស័ង្កសីទំហំ ២១០ម៉ែត្រការ៉េ។ . អំពីហេដ្ឋារចនាសម្ព័ន្ធនានា មានសាងសង់ផងដែរនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរួមមាន៖ ការរងារតបណ្ដាញអគ្គិសនីខាងក្រៅអគារភ្ជាប់ជាមួយបង្គោលភ្លើង EDC ដាំបង្គោលភ្លើងនិងដាក់អំពូលភ្លើងបំភ្លឺសាធារណៈអំពីសឡាចំនួន ១០ដើម តបណ្ដាញទឹកស្អាតខាងក្រៅអគារភ្ជាប់ជាមួយបណ្ដាញរដ្ឋាករទឹក រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ៤៥០ម៉ែត្រ ចាក់ផ្លូវបេតុងទំហំ ៣៩.៥២.៤៤ម៉ែត្រការ៉េ ចាក់ផ្លូវថ្មមិចទំហំ ២,២៣៣ម៉ែត្រការ៉េ រៀបចំលម្អបរិវេណអគារនិងសួនច្បារ ដាំដើមឈើចម្រុះតូចធំ ចំនួន ១៦១ ដើម។ សម្រួលដោយ ទៀង បុណ្ណរី