ស្ត្រីលក់ទឹកអំពៅម្នាក់ខណៈកិនយកទឹកអំពៅមិនប្រយ័ត្នធ្វើឲ្យកៀបដៃជាប់នៅក្នុងម៉ាសុីន
TNM(ខេត្តស្ទឹងត្រែង) ៖ ស្ត្រីម្នាក់ជិះមូ៉តូដាក់ធុងដើរលក់ទឹកអំពៅចល័តតាមផ្លូវ ខណៈយកដើមអំពៅដាក់កិនដើម្បីយកទឹកអំពៅលក់ឲ្យគេ ដោយមិនបានប្រយ័ត្ន ក៏ជ្រុលដៃចូលបានកៀបជាប់ក្នុងម៉ាស៊ីន បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាមកជួយសង្គ្រោះ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង 4 ល្ងាច ថ្ងៃទី 17 ខែមេសា ឆ្នាំ 2021 នៅត្រង់ចំណុចក្បែររង្វង់មូល កែងរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ចក្នុងក្រុងស្ទឹងត្រែង។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះម្នាក់នោះមានឈ្មោះ នឿន ស្រីនាង មានអាយុ28ឆ្នាំ មានផ្ទះនៅខាងក្រោយរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ដោយស្រីនាងបានដាក់ធុងទឹកអំពៅជិះម៉ូតូដើរលក់ចល័ត ពេលកើតហេតុបានឈប់នៅខាងលិចរង្វង់មូល តែចៃដន្យអីខណៈពេលកិនទឹកអំពៅលក់ឲ្យគេ ដោយខ្វះការប្រុងប្រយ័ត្នធ្វើឲ្យដៃរបស់នាង បានជ្រុលចូលទៅក្នុងម៉ាស៊ីនកិនទឹកអំពៅទាំងមានពាក់ស្រោមដៃជាប់ជាមួយផង។
ចំណែកអ្នកឃើញហេតុការណ៍ បានជួយនាងយកទៅកន្លែងជាងជួសជុលម៉ូតូមួយកន្លែងក្បែរនោះដើម្បីយកម៉ូទ័រកាត់ផ្តាច់ដែកម៉ាស៊ីនកិនទឹកអំពៅយកដៃជនរងគ្រោះចេញពីម៉ាស៊ីន។បន្ទាប់ពីកាត់ផ្ដាច់ភ្លាមស្ត្រីរងគ្រោះដែលជ្រុលដៃចូលក្នុងម៉ាស៊ីនកិនទឹកអំពៅត្រូវបានគេជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ប្រភពដដែលនៅកន្លែងកើតហេតុបានប្រាប់ទៀតថា ដៃខាងឆ្វេងរបស់នាងគឺត្រូវបានរងរបួសដោយសារចូលក្នុងម៉ាស៊ីនកិនទឹកអំពៅពិតប្រាកដមែន ៕(ពុទ្ធា ស្ទឹងត្រែង)