ក្រោយរងការរិះគន់ អាជ្ញាធរខេត្តកែបរុះរើផ្ទាំងប៉ាណូស្រាបៀរ ដោយប្តូរមកវិញនូវទង់ជាតិកម្ពុជា
កែប៖ អាជ្ញាធរខេត្តកែបបានរុះរើផ្ទាំងសា្លកប៉ាណូស្រាបៀរដែលដាក់តាំងនៅលើដងផ្លូវធ្វើឱ្យបាត់បង់សោភណ្ឌភាពនោះចេញហើយ ដោយប្តូរមកវិញនូវស្លាកប៉ាណូទង់ជាតិកម្ពុជា ក្រោយពីរងការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ។ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកែប លោក ប៊ុន យោង បានបញ្ជាក់មក EAC ថា ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានចាត់ឱ្យអាជ្ញាធរទម្លាក់ស្លាកប៉ាណូពាណិជ្ជកម្មសា្របៀរនោះចេញតាំងពី៣ថ្ងៃមុនមកម៉្លេះ ដោយកន្លែងខ្លះបានផ្លាស់ប្តូរមកដាក់ជាទង់ជាតិជំនួសវិញ។ លោកថ្លែងដូច្នេះថា៖ «កន្លែងខ្លះយើងដាក់ទង់ជាតិ កន្លែងខ្លះទៀតយើងរង់ចាំពិនិត្យមើលតើមានអ្វីដែលជាការឧបត្ថម្ភក្នុងការផ្សព្វផ្សាយថ្មីទៀត។ ព្រោះការផ្សព្វផ្សាយពាណិជ្ជកម្មនៃផលិតផលផ្សេងៗវាគឺជាផលចំណូលផងដែរសម្រាប់ពន្ធ និងការអភិវឌ្ឍន៍ខេត្ត»។ បើតាមអ្នកនាំពាក្យ អាជ្ញាធរក៏កំពុងឱ្យក្រុមការងារចុះត្រួតពិនិត្យលើស្លាកប៉ាណូ យីហោ ទូទាំងខេត្តដើម្បីកែសម្រួលសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ ចំពោះប៉ាណូផ្សព្វផ្សាយទាំងឡាយណាដែលហួសសុពលភាព មិនមានច្បាប់អនុញ្ញាត ឬការដាក់ខុសទីតាំងកំណត់។ លោក ប៊ុន យោង បញ្ជាក់បន្ថែមថា ស្លាកប៉ាណូពាណិជ្ជកម្មសា្របៀរទាំងនោះ គឺក្រុមហ៊ុនបានស្នើសុំត្រឹមត្រូវ តែក្នុងនោះក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាក្នុងការដោះដូរ ករណីដែលចាំបាច់តាមតម្រូវការរបស់រដ្ឋបាលខេត្ត។ អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋបាលខេត្តអរគុណ និងគាំទ្រចំពោះការរិះគន់បែបស្ថាបនាវិជ្ជមានរបស់ពលរដ្ឋ។ លោកថ្លែងថា៖«អ្វីដែលបងប្អូនប្រជាពលរដ្ឋបានចូលរួមជាគំនិតរិះគន់ស្ថាបនាគឺជាយោបល់ដល់ប្រពៃសម្រាប់រដ្ឋបាលខេត្ត ហើយក៏សូមថ្លែងអំណរគុណ ចំពោះមតិស្ថាបនាវិជ្ជមានដ៏ប្រពៃណីនេះ។ ព្រោះដូចអ្វីដែលសម្ដេចមហាបវរធិបតីបានលើកឡើងនាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន «គ្មានការដឹកនាំណាមួយដែលល្អឥតខ្ចោះនោះទេ» សំខាន់អ្វីដែលមិនត្រឹមត្រូវ អ្វីដែលមិនល្អយើងត្រូវធ្វើការកែតម្រូវ»៕ សម្រួលដោយ ទៀង បុណ្ណរី