តុលាការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន អ្នកបើកឡានស្រវឹង បុកស្លា.ប់ ៤នាក់ និងរបួស ៤នាក់ នៅស្ពានអាកាសឫស្សីកែវ

ភ្នំពេញ៖ នៅយប់​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បណ្តាលឱ្យស្លា.ប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ ពេលនេះ ចៅក្រម បានសម្រេចចោទប្រកាន់ និងឃុំខ្លួន​អ្នកបើកឡានស្រវឹងនោះហើយ​។ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងនេះ​ មានជនត្រូវចោទ ឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងសា្លប់អ្នកដទៃ» (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។  សេចក្តីប្រកាស បន្តថា «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី»។  មាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក បង្ហាញថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យ​ជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្ត ក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិត​ក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ​។ គ.បណ្តាលឱ្យ​មានរបួសមនុស្សច្រើននាក់…»។  ចំណែក​មាត្រា៨៥ កថាខណ្ឌ២ ចំណុច ខ និងគ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «… អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​​ជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល កាលបើអំពើនេះ បានប្រព្រឹត្ត​ក្នុងករណីណាមួយ ដូចខាងក្រោម៖… ខ.ស្ថិតក្នុង​ស្ថានភាពស្រវឹងដោយ​មានអត្រាជាតិអាល់កុល ចាប់ពី ០,៤០​មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០​ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ។ គ.បណ្តាលឱ្យមានស្លា.ប់មនុស្សច្រើននាក់»៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង