ក្រសួងវប្បធម៌បើកវគ្គបង្រៀនជំនាញវិជ្ជាជីវៈដូនតាក្នុងខេត្តក្រុងចំនួន៨ មិនយកលុយហើយទទួលបានប្រាក់ឧបត្ថម្ភទៅវិញទៀត
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ ដោយមិនមានការបង់ប្រាក់នោះទេ។ នេះជាឱកាសល្អ សម្រាប់អ្នកចង់រៀនជំនាញវិជ្ជាជីវៈដូនតា អាចរួសរាន់មកចុះឈ្មោះចូលរៀនព្រោះកន្លែងសិក្សាមានកំណត់។ នេះបើយោងតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រសួងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ដោយចាប់ផ្តើមពីខែកុម្ភៈតទៅ នៅទីតាំងចំនួន១៣ក្នុង៨រាជធានី-ខេត្ត ដែលក្នុងនោះរួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ សៀមរាប និងរតនគិរី។ ដោយឡែក ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមាន ឌុកស្មាច់ ចម្លាក់ប្រាក់-ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង តម្បាញសូត្រ គំនូរពណ៌ គំនូរបុរាណ និងចម្លាក់ស្និត។ ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួនម្ភៃប្រាំបីម៉ឺនរៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។ សូមជម្រាបថា កាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឱ្យប្រើប្រាស់អនុក្រឹត្យថ្មីស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ក្នុងការដាក់ឱ្យដំណើរការគោលនយោបាយថ្មីនេះរាជរដ្ឋាភិបាលបានសម្រេចឱ្យមាន «ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា» ដោយក្នុងនោះបានកំណត់ឱ្យក្រសួងវប្បធម៌ជាអ្នកទទួលខុសត្រូវ។ ក្រសួងត្រូវទទួលខុសត្រូវ លើការចុះឈ្មោះចូលរៀន កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបញ្ជាក់លក្ខខណ្ឌសិក្សារបស់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ តាមរយៈគ្រឹះស្ថានអប់រំបណ្ដុះបណ្តាល និងសាលាបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដូនតា នៅតាមសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ សម្រួសដោយ ទៀង បុណ្ណរី