អាជ្ញាធរក្រើនរំឭកម្ចាស់ចម្ការកៅស៊ូធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវដើម្បីបង្ការអគ្គិភ័យក្នុងរដូវនេះ

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រើនរំឭកម្ចាស់ចម្ការកៅស៊ូទាំងអស់យកចិត្តទុកដាក់សម្អាតចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះអគ្គិភ័យអំឡុងពេលដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការបង្ការអគ្គិភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក របស់អគ្គនាយកដ្ឋានកៅស៊ូនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងដដែលឱ្យដឹងបន្ថែមថា ជាទូទៅកាអាសធាតុនៅរដូវប្រាំងតែងមានសភាពក្ដៅស្ងួតហួតហែង ស្របពេលដើមកៅស៊ូចាប់ផ្តើមជ្រុះស្លឹក ចន្លោះពីខែមករារហូតដល់ចុងខែកុម្ភៈ ជាហេតុងាយបង្កភ្លើងឆេះក្នុងចម្ការកៅស៊ូ។ ដើម្បីទប់ស្កាត់ និងបង្ការ ហានិភ័យទាំងនោះ អគ្គនាយកដ្ឋានកៅស៊ូ អំពាវនាវដល់ម្ចាស់ចម្ការទាំងអស់នៅទូទាំងប្រទេស ត្រូវកាត់ស្មៅ និងរុក្ខជាតិចង្រៃ នៅជុំវិញព្រំចម្ការ ឬចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាតស្រឡះល្អ។ ម្ចាស់ចម្ការត្រូវ ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាមចន្លោះរងដាក់ជាគំនរៗប្រវែង២៥ម៉ែត្រដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ  រួចដុតមួយគំនរម្ដងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។ ការដុតត្រូវធ្វើនៅពេលព្រឹកព្រលឹម និងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់១០០ភាគរយ ក្រោយពេលឈប់ដុត។ ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅ វេលាយប់។  ម៉្យាងវិញទៀត ម្ចាស់ចម្ការកៅស៊ូទាំងអស់ មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជាបី ដំណាក់កាលគឺ៖ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង