អាជ្ញាធរ​ស្រុក​ថ្មគោល​​ប្រកាស​មិន​ឱ្យ​កសិករ​ធ្វើស្រែ​ប្រាំង​នៅ​ដើមឆ្នាំ​នេះ​ទេ​

ខេត្តបាត់ដំបង​ ៖ អាជ្ញាធរ​ស្រុក​ថ្មគោល​បាន​ចេញ​លិ​ខិត​ជូនដំណឹង​មួយ កាលពី​ថ្ងៃ​ទី​១០ មក​រា ជូន​ដល់​ប្រជា​កសិករ​​ទាំង​១០​​ឃុំ នៅ​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ខ្លួន ក្នុង​កម្មវត្ថុ​៖ «​ហាមឃាត់​ការ​បង្ករបង្កើន​ផល​ស្រូវ​សម្រាប់​រដូវប្រាំង​ឆ្នាំ​២០១៤​នេះ ក្រោម​ហេតុផល​ពុំ​មានទឹក​ស្រោច​ស្រប​គ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​ខាតបង់​» ធ្វើ​ឲ្យ​ផ្ទៃដី​សម្រាប់​ធ្វើស្រែ​ប្រាំង​របស់​កសិករ​ប្រមាណ​៥០០០​ហិក​តា នៅ​ក្នុងស្រុក​ថ្មគោល​ត្រូវ​ទុក​ដី​ឱ្យ​​ទំនេរ​ ។   យោង​តាម​លិ​ខិត​​ជូនដំណឹង​របស់​អភិបាលស្រុក​ថ្មគោល លោក ជា សម្បត្តិ បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​កសិកម្ម​មួយ​ចំនួន​ធំ សម្រាប់​ធ្វើ​ស្រូវប្រាំង​របស់​ប្រជា​កសិករ​ គឺ​ទ​ទួ​ល​បាន​ប្រភព​ទឹក​ពី​«​ស្ទឹង​ប​វេ​ល និង​ទឹក​អាង​កំពីងពួយ​»​។ ដូច្នេះ ​បើ​តាម​ការ​ពិនិត្យ​ស្ថានភាព​ទឹក​ស្ដុក​បច្ចុប្បន្ន​ក្នុង​ប្រព័ន្ធ​ស្រោច​ស្រប ​«​អាង​កំពីងពួយ​ និង​ស្ទឹង​ប​វេ​ល​» ដែល​ជា​ប្រភព​ទឹក​សំខាន់​នា​ពេល​នេះ មាន​បរិមាណ​ទឹក​តិចតួច​ ដែល​មាន​មិន​អាច​ធានា​នូវ​ការ​ផ្គត់ផ្គង់ និង​ការ​ស្រោច​ស្រប​ស្រូវប្រាំង​ស្រប​តាម​តម្រូវការ នៃ​ការ​ដាំ​ដុះ​បាន​ឡើយ​ ។  នៅ​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នេះ លោក​អភិបាលស្រុក​ថ្មគោល បាន​ដាក់​ចេញ​នូវ​វិធានការ២​ចំណុច ដើម្បី​ស្នើ​ឲ្យ​ប្រជា​កសិករ​ត្រូវ​តែ​អនុវត្ត​ដែល​ជា​ការ​ចូលរួម​ទប់ស្កាត់ ចៀសវាង​នាំ​ឲ្យ​មានការ​ខាតបង់​ ។ ទី​១-មិន​អនុញ្ញាត​​ឲ្យ​ប្រជា​កសិករ​បង្កបង្កើន​ផលដំណាំ​ស្រូវប្រាំង​សម្រាប់​ឆ្នាំ​នេះ ចាប់ពី​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៤ នេះ​តទៅ​ ។ ទី​២​-មិន​អនុ​ញ្ញាត​ឲ្យ​ប្រជា​កសិករ​បូមទឹក​ចេញពី​បឹង​អភិរក្ស​ឡើយ ព្រោះ​ជា​កន្លែង​សម្រាប់​រក្សា​ត្រី​ពូជ​។ នៅ​ក្នុង​រដ្ឋបាល​ស្រុក​ថ្មគោល មាន​ឃុំ​ចំនួន​១០ ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់​មាន​មុខរបរ​បង្កបង្កើន​ផល​ស្រូវ​ ។  ប្រជា​កសិករ​តែង​ធ្វើស្រែ​ជា​ប្រចាំ​ក្នុង​រដូវរ​ស្សា ហើយ​ពួក​គេ​នឹង​ចាប់ផ្ដើម​បន្ត​ធ្វើ​ស្រូវប្រាំង​ថែម​ទៀត ក្រោយ​ប្រមូល​ផល​ស្រូវ​វស្សា​។ បើ​តាម​ការ​កត់សម្គាល់ ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​របស់​ប្រជា​កសិករ​មួយ​ចំនួន ក្នុង​ចំណោម​ទាំង​១០​ឃុំ​នេះ គឺ​ទ​ទូល​បាន​ប្រភព​ទឹក​ស្រោច​ស្រប​ពី​«​អាង​កំពីងពួយ​ផង និង​ពី​ស្ទឹង​ប​វេ​ល​ផង​»​។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​តែ​ឃុំ​ចំនួន​០២​ប៉ុណ្ណោះ ដែល​ទ​ទួ​ល​បាន​ពី​ប្រភព​ទឹក​«​អង​កំពីងពួយ​»​ស្រោច​ស្រប​ពេញ​លិច​ជាងគេ គឺ​ឃុំ​អន្លង់​រុន និង​ឃុំ​អូរ​តា​គី​។  លោក ស៊ី សា​វុ​ធ មេឃុំ​អន្លង់​រុន ដែល​ដែល​ឃុំ​របស់​លោក​ សំបូរ​កសិករ​ធ្វើស្រែ​ប្រាំង​ច្រើន​ជាង​ឃុំ​ដទៃ​ទៀត បាន​ថ្លែងប្រាប់អ្នកសារព័ត៍មាន នៅ​ព្រឹក​ថ្ងៃ​ទី​១១ មក​រា នេះ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​​លោក​សព្វថ្ងៃ​ពួក​គេ​និយម​ធ្វើ​ស្រូវប្រាំង ច្រើន​ជាង​ធ្វើ​ស្រូវ​វស្សា បើ​ទោះជា​នៅ​ក្នុង​រដូវវស្សា
​ក្ដី​។ ព្រោះ​ធ្វើ​ស្រូវប្រាំង​ឆាប់​ទ​ទូល​ផល និង​មាន​រយៈពេល​ខ្លី​នៃ​ការ​ប្រមូល​ផល​។  លោក​មេឃុំ​បាន​ប្រាប់​ថា កន្លង​ទៅ​ឃុំ​អន្លង់​រុន មាន​ផ្ទៃដី​ចន្លោះ​ពី​១០០០​ហិច​តា ទៅ​ដល់​១៥០០​ហិច​តា​ប៉ុណ្ណោះ សម្រាប់​ធ្វើ​ស្រូវប្រាំង​នៅ​ក្នុង​ប្រព័ន្ធ​ស្រោច​ស្រប ពឹងផ្អែក​ទាំងស្រុង​ពី​ប្រភព​ទឹក​«​អាង​កំពីងពួយ​» ដែល​កំណត់​ដោយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។  ប៉ុន្តែ​ដោយសារ​សព្វ​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​និយម​ធ្វើ​ស្រូវប្រាំង ទើប​សព្វ​ថ្ងៃនេះ​ផ្ទៃដី​ដែល​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​បាន​កើនឡើង​រហូត​ដល់​ជិត​២៥០០​ហិ​ក​តា ក្នុង​ចំណោម​ដី​ក​សកម្ម​នៅ​ឃុំ​ទាំងមូល​ប្រមាណ​៦០០០​ហិច​តា ។ បើ​តាម​លោក ស៊ី សា​វុ​ធ បាន​បញ្ជាក់​ថា ពេល​នេះ​ ប្រជា​កសិករ​កំពុង​ត្រៀម​ប្រមូល​ផល​ស្រូវប្រាំង​វគ្គ​ទី​០២ តែ​ក្រោយ​ប្រមូល​រួច យើង​មិន​អនុញាត​ឲ្យ​ប្រជា​កសិករ​វាយ​ដី​ធ្វើ​ស្រូវ​បន្ត​ទៀត​ទេ​។ ព្រោះ​នេះ​ ជា​ការ​ហាមឃាត់​របស់​ថ្នាក់លើ ដោយហេតុ​ថា ឆ្នាំ​នេះ​យើង​ខ្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ស្រោច​ស្រប​។ ហើយ​នេះ​ក៏​ជា​ការ​ជូនដំណឹង​ពី​ខាង​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​ដែរ​ ។  ជុំវិញ​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ស្រុក​ថ្មគោល ដែល​ហាម​មិន​ឲ្យ​ធ្វើ​ស្រូវប្រាំង​បន្ត​ខាងលើ​នេះ ប្រជា​កសិករ​មួយ​ចំនួន​នៅ​ស្រុក​ថ្មគោល ហាក់​មិន​សប្បាយចិត្ត តែ​ពួក​គេ​ក៏​ស្វែង​យល់​ពី​ផល​លំបាក​ផង​ដែរ ពី​ស្ថានភាព នៃ​ប្រភព​ផ្គត់ផ្គង់​ទឹក​។ ប្រជា​កសិករ​ខ្លះ​បាន​ពោល​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​តែង​ជួល​ស្រែ​គេ​ធ្វើ ​។ ប៉ុន្តែ​គាត់​មិនសូវ​រំពឹង​លើ​ស្រូវ​វស្សា​ទេ ព្រោះ​អាច​ជួប​គ្រោះ​រាំង​ស្ងួត ឬ គ្រោះ​ទឹកជំនន់​ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​រក​ប្រាក់​សង​ម្ចាស់​ស្រែ​គ្មាន​។ គាត់​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​ទៅ​លើ​ការ​ធ្វើ​ស្រូវប្រាំង ដែល​គាត់​អាច​ទ​ទូល​បាន​ផល​យ៉ាងតិច​ក៏​៨០% ដែរ​។ ដូច្នេះ​គាត់​ស្ដាយ​នៅ​ពេល​មិន​បាន​ធ្វើ​ស្រូវប្រាំង​ចុងដៃ​បែប​នេះ តែ​គាត់​មិន​ទោម្នេញ​នឹង​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ទេ ព្រោះ​បើ​ពិនិត្យ​លើ​ស្ថាន​ប្រភព​ទឹក​ស្រោច​ស្រប​ជាក់ស្ដែង អាច​នឹង​ខ្វះ​ខាង​មែន ​។  យ៉ាងណា​ក្ដី បើ​តាម​លោក​ជា សម្បត្តិ អ​ធិ​បាល​ស្រុក​ថ្មគោល​បាន​លើក​ឡើង​អំពី​វិធានការ​របស់​លោក​ខាងលើ​នេះ​ថា ការ​ហាមឃាត់​មិន​អនុញាត​ឲ្យ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ក្នុង​ដើមឆ្នាំ​២០២៤ នេះ គឺ​ដោយសារ​ខាង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម បាន​ជូនដំណឹង​អំពី​ការ​ខ្វះខាត​ទឹក​ស្រោច​ស្រប​ដំណាំ​ស្រូវប្រាំង​នេះ​។ ដូច្នេះ​ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ជួយ​បញ្ហា និង ជួប​ការ​ខាតបង់ លោក​ត្រូវ​តែ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​បង្កបង្កើន​ដំណាំ​ស្រូវប្រាំង​ឡើយ​ ។  លោក​បាន​ណែនាំ​ឲ្យ​លោក​មេឃុំ គ្រប់​ឃុំ​ទាំង​១០ នៅ​ក្នុងស្រុក​ថ្មគោល ត្រូវ​ធ្វើការ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​ចុះ​តាមដាន​ជា​ប្រចាំ ដើម្បី​ពិនិត្យ​សកម្មភាព​ពលរដ្ឋ​ធ្វើ​ស្រូវប្រាំង ដោយ​មិន​អនុញ្ញាត​​ឲ្យ​ប្រជា​កសិករ​វាយ​ដី​ធ្វើ​ស្រូវប្រាំង​បន្ត​ទៀត​ឡើយ ក្រោយ​បញ្ចប់​ការ​ប្រមូល​ផល​ស្រូវប្រាំង​ក្នុង​រយៈពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ៕ ​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង