ច្បាប់ជាប្រវត្តិសាស្ត្រនៅកូរ៉េខាងត្បូង អ្នកសម្លាប់សត្វឆ្កែជាអាហារនឹងត្រូវជាប់ពន្ធនាគារ៣ឆ្នាំឬពិន័យជាប្រាក់ជាង៣ម៉ឺនដុល្លារ
សភារបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារទី៩ខែមករា បានអនុម័តច្បាប់មួយដើម្បីហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចំពេលមានការកើនឡើងនៃការគាំទ្រសម្រាប់សុខុមាលភាពសត្វ។ ច្បាប់នេះនឹងចូលជាធរមាននៅឆ្នាំ២០២៧ មានគោលបំណងបញ្ចប់ការអនុវត្តរាប់សតវត្សន៍នៃទម្លាប់បរិភោគសាច់ឆ្កែរបស់ប្រជាជនកូរ៉េខាងត្បូង។ ចំណាត់ការនេះលេចឡើងដោយសារប្រជាជនកូរ៉េកាន់តែច្រើនចាត់ទុកសត្វឆ្កែជាសត្វចិញ្ចឹមក្នុងគ្រួសារ និងការរិះគន់អំពីរបៀបដែលសត្វឆ្កែត្រូវបានសម្លាប់បានកើនឡើង។ ចំណែកការគាំទ្រចំពោះការហាមប្រាមនេះកាន់តែផុសផុល ក្រោមអាណត្តិរបស់ប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) និងស្ត្រីទីមួយ គីម កែវហេ (Kim Keon Hee) ដែលជាអ្នកស្រឡាញ់សត្វនិងជាម្ចាស់សត្វឆ្កែ៦ក្បាល និងឆ្មា៨ក្បាល ហើយក៏ជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការទទួលទានសាច់ឆ្កែផងដែរ។ ភាពជាម្ចាស់សត្វចិញ្ចឹមបានកើនឡើងផងដែរ ដោយគ្រួសារកូរ៉េមួយក្នុងចំណោមគ្រួសារចំនួន៤ គឺមានចិញ្ចឹមសត្វឆ្កែគិតក្នុងឆ្នាំ២០២២ ដែលបានកើនឡើង១៦ភាគរយ ធៀបទៅ១០ឆ្នាំមុន។ ច្បាប់ដែលស្នើឡើងដោយគណបក្សកាន់អំណាច និងដោយមានការគាំទ្រទ្វេភាគីដ៏កម្រនឹងចូលជាធរមានបន្ទាប់ពីរយៈពេលអនុគ្រោះបីឆ្នាំ។ ច្បាប់ដែលចែងពីគោលបំណងរបស់វាគឺលុបបំបាត់ការបរិភោគសត្វឆ្កែ នឹងចូលជាធរមានបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ។ ការបង្កាត់ពូជ និងសម្លាប់សត្វឆ្កែ ដើម្បីផលិតសាច់សម្រាប់មនុស្សបរិភោគ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់ ៣០លានវ៉ុនឬស្មើនឹង២២៨០០ដុល្លារអាម៉េរិក។ ទោះយ៉ាងណា ច្បាប់នេះមិនបានចែងពីការពិន័យណាមួយ លើការទទួលទាន ឬអ្នកទទួលទានសាច់ឆ្កែនោះទេ។ នៅក្នុងការស្ទង់មតិមួយដែលបានចេញផ្សាយដោយ Animal Welfare Awareness, Research and Education ដែលជាក្រុមបញ្ញវន្ត មានមូលដ្ឋាននៅទីក្រុងសេអ៊ូល គឺមានជាង៩៤ភាគរយនៃអ្នកឆ្លើយតបការស្ទង់មតិបានលើកឡើងថា ពួកគេមិនបានញ៉ាំសាច់ឆ្កែទេ ចាប់ពីឆ្នាំមុនមក ហើយប្រហែល ៩៣ភាគរយ បានបង្ហាញថា ពួកគេនឹងមិនបរិភោគសាច់ឆ្កែនោះទេ។ ក្នុងនោះមានតែ៥ភាគរយទេ ដែលនៅតែចង់បរិភោគសាច់ឆ្កែ។ កិច្ចខិតខំប្រឹងប្រែងពីមុនដើម្បីហាមឃាត់ការលក់សាច់ឆ្កែបានបរាជ័យនៅចំពោះមុខការតវ៉ារបស់ឧស្សាហកម្ម ហើយច្បាប់នេះស្វែងរកការផ្ដល់សំណងដើម្បីឱ្យអាជីវកម្មអាចផ្លាស់ទីចេញពីការជួញដូរសាច់ឆ្កែ។ ដោយឡែក ក្រសួងកសិកម្មកូរ៉េបានអះអាងថា ខ្លួននឹងពិគ្រោះយោបល់ជាមួយធុរកិច្ចពាក់ព័ន្ធ ដើម្បីធានាថាពួកគេបន្តប្រតិបត្តិការប្រកបដោយស្ថិរភាព និងផ្តល់ការគាំទ្រអតិបរមាក្នុងជួរសមហេតុផល។ ក្រសួងបានប៉ាន់ប្រមាណថា គិតត្រឹមខែមេសាឆ្នាំ២០២៣ កសិដ្ឋានចំនួន១១០០ទីតាំងបានបង្កាត់ពូជសត្វឆ្កែជាង៦សែនក្បាល ដើម្បីបម្រើនៅភោជនីយដ្ឋានប្រហែល ១៦០០កន្លែង។ សមាគមកសិករ បានលើកឡើងថាការហាមឃាត់នេះនឹងប៉ះពាល់ដល់កសិដ្ឋានចំនួន៣៥០០កន្លែង ដែលចិញ្ចឹមសត្វឆ្កែចំនួន ១,៥លានក្បាល ព្រមទាំងភោជនីយដ្ឋានចំនួន៣ពាន់កន្លែងផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី