អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភាររួមមាន ម៉ាស និងអាល់កុល ជូនដល់រដ្ឋបាលក្រុង-ស្រុក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
TNM(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃសុក្រទី១៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភាររួមមានម៉ាស និងអាល់កុល ជូនដល់រដ្ឋបាលក្រុង-ស្រុក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះ ស្រុកស្វាយជ្រំ ស្រុករមាសហែក និងក្រុងស្វាយរៀង ក្នុងមួយក្រុងស្រុកទទួលបាន ម៉ាស ៤កេស (១០.០០០ម៉ាស) អាល់កុល ២កាន(៦០លីត្រ) និងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុករំដួល ក្នុងមួយស្រុកទទួលបាន ម៉ាស ៣កេស (៧.៥០០ម៉ាស់) និងអាល់កុល ១កាន (៣០លីត្រ)។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលបាលខេត្តបានថ្លែអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលកន្លងមកបានចូលរួមឧបត្ថម្ភទាំងសម្ភារ និងថវិកាជួយដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តស្វាយរៀង ហេីយរដ្ឋបាលខេត្តបានរៀបចំចែកជូនដល់រដ្ឋបាល ក្រុង-ស្រុក ជាបន្តបន្ទាប់ក៏ដូចជាចែកជូននាព្រឹកនេះ។
ឯកឧត្តមក៏បានថ្លែងនូវការអរគុណចំពោះ បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងរដ្ឋបាលក្រុងស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ដែលបាននិងកំពុងបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា៕