ខឹងរឿងគេមិនព្រមផឹកជាមួយ ហៅគ្នាជិះម៉ូតូបុ.កចូលហាង តែចប់ត្រឹមម្ចាស់ហាងទាញទ្វារបិទចាប់ខ្លួន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង រួច​ខឹង​រឿង​ហៅ​គេ​ទៅ​ផឹក​ជាមួយ តែ​គេ​មិន​ព្រម ក៏​នាំ​បក្សពួក​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​ដាវ និង​ដំបង បុ​.​ក​ចូល​ហាង ដើម្បី​ធ្វើ​សកម្មភាព​បម្រុង​វា​.​យ ប៉ុន្តែ​ត្រូវ​ម្ចាស់​ហាង​ដឹងខ្លួន​ទាន់ ក៏​ទាញ​ទ្វារ​បិទ និង​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ហើយ​ប្រគល់​ទៅ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ហាង​យីហោ «​ស៊ុប​ពពែ​រស្មី​ឯករាជ្យ​២» ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។  បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ជន​បង្ក​ខាងលើ​នេះ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1JA-4329 ចំណែក​វត្ថុ​តាង​រួម​មាន ៖ ដំបង​មួយ​ដើម ដែល​ជនសង្ស័យ​កា​.​ន់​ក្នុង​ដៃ រួច​យក​មក​បម្រុង​ធ្វើ​សកម្មភាព​វា​.​យ​។  យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ម្ចាស់​ហាង​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើត ជនសង្ស័យ​បាន​ចូល​មក​ផឹកស៊ី​នៅ​ក្នុង​ហាង​របស់​គាត់ បន្ទាប់​ពី​ផឹក​ស្រវឹង ជនសង្ស័យ​រូប​នេះ​ក៏​សុំ​ទៅ​ជល់​កែវ​ជាមួយ​ភ្ញៀវ​នៅ​តុ​ផ្សេង​ក្បែរ​គ្នា រួច​ហៅ​អោយ​គេ​ឱ្យទៅ​អង្គុយ​ផឹក​ជាមួយ តែ​គេ​មិន​ព្រម​ជល់​កែវ និង​ផឹក​ជាមួយ​នោះ​ទេ​»​។  ម្ចាស់​ហាង​បន្ត​ថា «​ភ្លាម​ៗ​នោះ ជនសង្ស័យ​រូប​នេះ​ស្រាប់តែ​ខឹង​គេ បែរជា​កូរ​គេឯង​ពេញ​ក្នុង​ហាង ពេល​នោះ​រូប​គាត់​ជា​ម្ចាស់​ហាង​ក៏​ធ្វើការ​សំរួល​ឱ្យ​ចប់​រឿង​រួចរាល់​ហើយ ស្រាប់តែ​ជនសង្ស័យ​រូប​នេះ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ទៅ​ហៅ​បក្សពួក​មួយ​ក្រុម​ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​ដាវ និង​ដំបង មក​ធ្វើ​សកម្មភាព ដោយ​ជនសង្ស័យ​រូប​នេះ​ជិះ​ម៉ូតូ​បុ​.​ក​ចូល​ហាង​តែ​ម្នាក់ឯង​មុនគេ​។ ភ្លាម​ៗ​នោះ រូប​គាត់​ជា​ម្ចាស់​ហាង​ក៏​បាន​ទាញ​ទ្វារ​បិទ​ទាន់ រួច​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ ចំណែកឯ​បក្សពួក​ផ្សេង​ទៀត ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​អស់​ទៅ​»​។  គួរ​បញ្ជាក់​ថា នៅ​ពេល​ឃាត់​បាន​ជនសង្ស័យ​ខាងលើ​នេះ​ហើយ ម្ចាស់​ហាង​ក៏​បាន​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឱ្យ​ចុះ​ទៅ​អន្តរាគមន៍​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សួរនាំ​ភ្លាម​ៗ​។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ម្ចាស់​ហាង​បាន​មក​បំភ្លឺ និង​ដាក់​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្តពេល​ក្រោយ​ទៀត​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង