អាជ្ញាធរជាតិអប្សរាបិទខ្លោងទ្វារប្រាសាទបាភួនដើម្បីជួសជុសក្រោយមើលឃើញភាពទ្រុឌទ្រោម
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន ទៅប្រាសាទភិមានអាកាស ជាបណ្តោះអាសន្នដើម្បីជួសជុសខ្លោងទ្វារប្រាសាទបាភួន ដែលមានសភាពទ្រុឌទ្រោម។ នេះបើយោងតាមការឱ្យដឹងពី សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរឆ្លងកាត់ខ្លោងទ្វារពីប្រាសាទបាភួន ទៅប្រាសាទភិមានអាកាស ជាបណ្ដោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់បញ្ចប់ការងាររួចរាល់ ដើម្បីអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន CCS នៃប្រទេសចិនធ្វើការទល់ទ្រសង្គ្រោះបន្ទាន់ខ្លោងទ្វារនេះដែលបច្ចុប្បន្នស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង។ បន្ថែមលើនេះអាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្តទៀតថាក្នុងអំឡុងពេលនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនាប្រាសាទភិមានអាកាស បានតាមគំនូសបង្ហាញផ្លូវដូចមានជូនភ្ជាប់មកជាមួយ។ សេចក្តីដូចបានជម្រាបជូនខាងលើក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ សម្រួលដោយ ទៀង បុណ្ណរី